
ខេត្តប៉ៃលិន៖ ស្ថិតនៅចម្ងាយ១គីឡូម៉ែត្រពី «ច្រកទ្វារអន្តរជាតិព្រំ» នៃខេត្តប៉ៃលិន ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ «សួនផ្កាឈូករ័ត្ន» មួយដាំដុះលើផ្ទៃដីទំហំជាង១៦០០ម៉ែត្រការ៉េ មានម្ចាស់ជាជនជាតិថៃកំពុងបង្អួតសម្រស់ស្រស់ត្រកាល រង់ចាំអ្នកទេសចរទៅគយគន់កម្សាន្ត...។

អ្នកស្រី ស៊ន សំអឿន អាយុ៣៨ឆ្នាំ ជាអ្នកចាំចម្ការសួនផ្កាឈូករ័ត្នឱ្យជនជាតិថៃ បានឱ្យដឹងថា ចំពោះការដាំដុះ «ផ្កាឈូករ័ត្ន» ក្នុងចម្ការខាងលើ ដំបូងឡើយ គឺមានគោលបំណង ទាញយកប្រយោជន៍ពីការចិញ្ចឹមឃ្មុំ និងគ្រាប់របស់វា។ ប៉ុន្តែដោយសារសម្រស់ដ៏ស្រស់ត្រកាលដែលមានរយៈពេលខ្លី ដែលអាចឱ្យចម្ការសួនផ្កាឈូករ័ត្ននោះទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើន ជាពិសេសភ្ញៀវក្នុងតំបន់ដែលបានដឹងដំណឹងមួយនេះ។ អ្នកស្រី ស៊ន សំអឿន បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅកម្សាន្តបែបធម្មជាតិ អាចទៅទស្សនាបានដោយក្នុងម្នាក់តម្លៃសំបុត្រចូលទស្សនាត្រឹមតែ២ពាន់រៀនប៉ុណ្ណោះ។ ក្រៅពីបានចំណូលពីភ្ញៀវទេសចរថតកម្សាន្ត អ្នកចាំចម្ការរូបនោះបន្ថែមថា ម្ចាស់ខ្លួនអាចប្រមូលគ្រាប់ផ្កាឈូករ័ត្ននេះលក់បានធម្មតានៅពេលដល់រដូវប្រមូលផលផងដែរ។

គួរជម្រាបថា ប៉ៃលិនជាខេត្តភាគខាងលិចប្រទេសកម្ពុជា មានចម្ងាយ២៥គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ «ខេត្តប៉ៃលិន» ជាទីតាំងដែលសម្បូរទៅដោយកន្លែងទាក់ទាញបែបធម្មជាតិ បូករួមទាំងទស្សនីយភាពជួរភ្នំ ទឹកជ្រោះ ព្រៃឫស្សី និងមានកន្លែងគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតសម្រាប់ទេសចរមកទស្សនាកម្សាន្ត បូករួមទាំងវត្តរតនសោភ័ណ ជាវត្តមានរចនាបថជនជាតិកូឡា ដែលមានអាយុកាលជាង៥៧០ឆ្នាំមកហើយ។ ជាការពិតប៉ៃលិន បានក្លាយជាមជ្ឈមណ្ឌលរ៉ែត្បូងដ៏មានតម្លៃ និងធំជាងគេសម្រាប់ត្បូងកណ្ដៀង
និងត្បូងទទឹមនៅក្នុងតំបន់ឥណ្ឌូចិន។ ភ្នំយ៉ាត មានកន្លែងល្អៗមួយចំនួនដែលភ្ញៀវទេសចរអាចឃើញសកម្មភាពជីករ៉ែត្បូងនៅសព្វថ្ងៃនេះ៕
អត្ថបទដោយ៖ អ៊ុន សម្ផស រាយការណ៍ដោយ៖ វិឆ័យ





