ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគថ្មី២ ក្រោមទុនវិនិយោគសរុបជាង១៥លានដុល្លារ
S
Soriya Sou
21 វិច្ឆិកា 2025 09:30 AM


ក្រុងព្រះសីហនុ៖ ខេត្តព្រះសីហនុ ទទួលបានការអនុម័តគម្រោងវិនិយោគចំនួន២បន្ថែមទៀត ជាមួយទុនវិនិយោគសរុបជាង១៥លានដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ...។

គម្រោងវិនិយោគចំនួន២ បានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល មានសិទ្ធិបង្កើតរោងចក្រនៅក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិភាក្សា វាយតម្លៃភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពនៃគម្រោងវិនិយោគដែលបានដាក់ស្នើ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ​ដោយមានការអញ្ជើញចូលរួមដោយ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថាគម្រោងវិនិយោគថ្មីទាំង២ ជាគម្រោងបង្កើតរោងចក្រផលិតប្រេងកៅស៊ូ និងរោងចក្រផលិតគ្រឿងតុបតែងលម្អសម្រាប់បុណ្យណូអែល ដែលមានទុនវិនយោគសរុបចំនួនជាង១៥លានដុល្លារអាម៉េរិក អាចផ្តល់ឱកាសការងារសរុបប្រមាណ១០៣៩កន្លែង។ ព្រះសីហនុ ជាខេត្តមានសក្តានុពលធំធេង និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលសមស្របសម្រាប់ការវិនិយោគ។ ក្នុងជំនួបជាហូរហែរជាមួយអ្នកវិនិយោគបរទេស លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ តែងជំរុញលើកទឹកចិត្តឱ្យសិក្សាឱកាសវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ លោកសង្កត់ធ្ងន់ថា៖«អត្ថប្រយោជន៍របស់ក្រុមហ៊ុនវិនិយោគ គឺជាភាពរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ»៕

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ 
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត