អាម៉េរិកថា[ចិន]បង្កើតយុទ្ធនាការបន្តុះបង្អាប់យន្តហោះចម្បាំង Rafale បន្ទាប់ពីជម្លោះឥណ្ឌា-ប៉ាគីស្ថាន
N
Nary Vann
21 វិច្ឆិកា 2025 05:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីអាម៉េរិកបានឱ្យដឹងថា ចិនបានធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងបំផ្លាញការលក់យន្តហោះចម្បាំង Rafale របស់បារាំង បន្ទាប់ពីឥណ្ឌាបានប្រើប្រាស់យន្តហោះប្រឆាំងនឹងគ្រឿងសព្វាវុធរបស់ចិន ក្នុងជម្លោះជាមួយប៉ាគីស្ថាន កាលពីខែឧសភា។ នេះបើតាមរបាយការណ៍គណៈកម្មការ​សេដ្ឋកិច្ច​ និង​សន្តិសុខ​អាម៉េរិក ចេញផ្សាយនាពេលថ្មីៗ។ យ៉ាងណាមិញ [ចិន]បានច្រានចោលថា..មិនពិត។

យន្តហោះចម្បាំង Rafale របស់បារាំង
យន្តហោះចម្បាំង Rafale របស់បារាំង

របាយការណ៍នេះកត់សម្គាល់ថា ប្រទេសចិនបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលព្យាយាមបន្តុះបង្អាប់យន្តហោះ Rafale តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងរូបភាពដែលបង្កើតដោយ AI និងខ្លឹមសារវីដេអូហ្គេម ដែលបង្ហាញពីការបំផ្លាញយន្តហោះចម្បាំង Rafale។ លើសពីនេះ របាយការណ៍បានគូសបញ្ជាក់ថា ខណៈយន្តហោះឥណ្ឌាតែ៣គ្រឿងប៉ុណ្ណោះ ត្រូវបានបាញ់ទម្លាក់ ប្រទេសចិនបានប្រើឧប្បត្តិហេតុនេះ ដើម្បីលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន។ របាយការណ៍បានរៀបរាប់ថា៖«ការប្រើប្រាស់អាវុធរបស់ប៉ាគីស្ថាន ដើម្បីទម្លាក់យន្តហោះចម្បាំង Rafale របស់បារាំង ដែលប្រើដោយឥណ្ឌា ក្លាយជាចំណុចពិសេសមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងលក់អាវុធរបស់ចិន បើទោះបីជាមានយន្តហោះតែ៣គ្រឿងប៉ុណ្ណោះ ត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់ទម្លាក់ ហើយយន្តហោះទាំងនោះ មិនមែនជាយន្តហោះចម្បាំងម៉ាក Rafales ទេ»។ របាយការណ៍​​បន្ថែម​ថា មន្ត្រី​ស្ថានទូត​ចិន​ បាន​បញ្ចុះបញ្ចូល​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​បញ្ឈប់​ការ​ទិញ​យន្តហោះ​ Rafale ដែល​កំពុង​ដំណើរការ​រួច​ហើយ​។

យន្តហោះចម្បាំង Rafale របស់បារាំង
យន្តហោះចម្បាំង Rafale របស់បារាំង

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឆ្លើយតបថា៖«របាយការណ៍ដែលចេញដោយគណៈកម្មាធិការសហរដ្ឋអាម៉េរិក គឺមិនពិតនោះទេ។ គណៈកម្មាធិការដែលបានលើកឡើង តែងតែប្រកាន់យកនូវភាពលម្អៀងខាងមនោគមវិជ្ជាប្រឆាំងនឹងប្រទេសចិន ហើយមិនមានការជឿជាក់អ្វីទាំងអស់»

លោក ម៉ៅ នីង 
លោក ម៉ៅ នីង 

គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ ត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃទី២០វិច្ឆិកា ក្រោយពីអ៊ុយក្រែនបង្ហាញចេតនាចង់ទិញយន្តហោះចម្បាំង Rafale រហូតដល់ទៅ១០០គ្រឿង ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ យន្តហោះ Rafale រងការរិះគន់យ៉ាងខ្លាំងនៅឆ្នាំនេះ នៅពេលដែលយន្តហោះចម្បាំង J-10 ផលិតដោយប្រទេសចិនប្រើប្រាស់ដោយប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំង Rafale យ៉ាងហោចណាស់មួយគ្រឿង ដែលត្រូវបានប្រើប្រាស់ដោយឥណ្ឌា កំលុងជម្លោះរយៈពេលបួនថ្ងៃ រវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ៕

យន្តហោះចម្បាំង J-10 ផលិតដោយចិន
យន្តហោះចម្បាំង J-10 ផលិតដោយចិន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត