
ក្រុងបានលុង៖ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព នៅរសៀលថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញបញ្ជាដល់កម្លាំងនគរបាលឱ្យចុះជួយច្រូតស្រូវដល់គ្រួសារយោធាកម្ពុជាមួយរូប រស់នៅក្នុងស្រុកកូនមុំ ដែលកំពុងជាប់បំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ ចំពេលភរិយារបស់យោធាកម្ពុជារូបនោះមានផ្ទៃពោះ ជិតនឹងសម្រាលកូន…។

បេសកកម្មជួយច្រូតស្រូវវីរកងទ័ពកម្ពុជា ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ខន្តី Khan Tey មានភរិយាជិតសម្រាលកូន និងកំពុងខ្វះខាតកម្លាំងពលកម្មផងនោះ នឹងធ្វើឡើងនៅថ្ងៃទី២១វិច្ឆិកាស្អែកនេះ នៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ក្រៅពីជួយច្រូតស្រូវដល់គ្រួសារវីរកងទ័ពយើងហើយ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀត ជូនដល់ភរិយាវីរកងទ័ពខាងលើ សម្រាប់ដោះស្រាយបញ្ហា និងប្រើប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខ។

សូមជម្រាបថា ការចាត់កម្លាំងមន្ត្រីនគរបាលចុះជួយសម្រួលការងារច្រូតកាត់ពីសំណាក់លោកស្នងការនគរបាលខេត្តរតនគិរីនេះ គឺបន្ទាប់ពីលោកទទួលបានព័ត៌មានតាមរយ:ក្រុមការងារប្រតិកម្មរហ័ស ជុំវិញការសុំជំនួយពីវីរកងទ័ពកម្ពុជាឈ្មោះ Khan Tey ដែលកំពុងការពារព្រំដែន ដោយខ្លួនមិនអាចដកខ្លួនមកជួយភរិយាបាន ខណៈជីវភាពក៏មិនធូរធារ ដែលអាចមានលទ្ធភាពជួលគេច្រូតកាត់។ សកម្មភាពមនុស្សធម៌មួយនេះ កំពុងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ហើយពួកគេចង់ឃើញសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតពីសំណាក់មន្ត្រីនានា នៅមូលដ្ឋានផ្សេងៗដូចគ្នា៕



