មន្ត្រីជំនាញបើកការស៊ើបអង្កេត ករណីសង្ស័យពុលស្រា-សស្លា.ប់មនុស្ស៣នាក់នៅខេត្តរតនគិរី
អុន សម្ផស្ស
មួយឆ្នាំមុន

ខេត្តរតនគិរី៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានបើកការស៊ើបអង្កេតករណីពុលម្ហូបអាហារមួយ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង២នាក់ទៀតរងគ្រោះ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តរតនគិរី កាលពីយប់ថ្ងៃទី២៩មករា ឆ្នាំ២០២៥..។

បើតាមមន្ទីរព័ត៌មានបានគូសបញ្ជាក់ថា កាលពីវេលាម៉ោង១២:៦នាទីថ្ងៃទី២៩មករា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មានពាក់ព័ន្ធករណីសង្ស័យពុលម្ហូបអាហារមួយ កើតឡើងនៅក្នុងភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ ក្នុងករណីនោះ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង២នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកស្លាប់មានស្រី-ប្រុស វ័យ៦០ឆ្នាំ, ៧៨ឆ្នាំ និង៥៤ឆ្នាំ។ ដោយឡែក អ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក។

យោងតាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានដាក់ការសង្ស័យថា អ្នកជំងឺអាចបណ្ដាលមកពីការពុលម្ហូបអាហារ ឬស្រា-ស។ ទោះជាយ៉ាងណា បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ(ស្រា-ស) និងលាមកអ្នកជំងឺ បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីត្រួតពិនិត្យ និងអំពាវនាវដល់អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញាត្រូវបន្តតាមដានសុខភាព។ ក្រៅតែពីវិធានការបន្ទាន់ទាំងនោះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក៏បានបញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ចុះបិទទីតាំងផលិតស្រា-ស ជាបណ្តោះអាសន្ន រង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ ថា តើមូលហេតុនៃការបញ្ចេញអាការរបស់អ្នកស្លាប់ និងរងគ្រោះជាករណីអ្វីឱ្យពិតប្រាកដ?..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត