«ដើរដើម្បីលើកស្ទួយទេសចរណ៍» ជាស្មារតីយុវជនជនជាតិដើមភាគតិចម្នាក់ ធ្វើសម្រាប់ខេត្តកំណើតរបស់ខ្លួន
អុន សម្ផស្ស
08 តុលា 2025 06:30 AM

ក្រុងបានលុង៖ ទេសចរណ៍ ជា​វិស័យ​ច​ម្បង​មួ​យដែលកម្ពុជាចាត់ទុកជា«មាសបៃតង» ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញ​​កំ​ណើ​ន​ថវិកាជាតិ។ ដ្បិតកំពុងស្ថិតក្នុងរដូវកាលបៃតង ឬហៅម៉្យាងទៀតថា «រដូវកាលខ្សត់ភ្ញៀវ» គេកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធកំពុងខិតខំផ្សព្វផ្សាយ និងជំរុញលើវិស័យមួយនេះ។ ជាក់ស្តែង យុវជនជនជាតិដើមភាគតិច «ចារ៉ាយ» ម្នាក់ បានក្លាយជាមនុស្សទី១ ដែលបានធ្វើដំណើរថ្មើរជើងម្នាក់ឯងទៅកាន់ខេត្តដែលឆ្ងាយជាងគេនៅភូមិភាគភាគឦសាននៃប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍...។

ដំណើរដោយថ្មើរជើង ពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនគិរី ក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ យុវជន រម៉ាស់ គ្វេន ជាជនជាតិដើមភាគតិចចារ៉ាយ មានវ័យទើបតែ ១៨ឆ្នាំ បានផ្សងព្រេង ដើម្បីសម្រេចឆន្ទៈទៅដល់គោលដៅប្រកបដោយភាពជោគជ័យត្រឹមរយៈពេល១២ថ្ងៃ។ ធ្វើដំណើរដល់ទីក្រុងបានលុង នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កូនអ្នកភូមិតេង៉ាល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ រូបនេះ នឹងធ្វើដំណើរបន្តទៅកាន់ស្រុកកំណើតខ្លួនដែលមានចម្ងាយ៦០គីឡូម៉ែត្របន្ថែមទៀត ក្នុងគោលបំណងតែមួយគត់ គឺលើកស្ទួយ និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងស្រុក។ ឆន្ទៈធ្វើដំណើរដោយថ្មើរជើងរបស់យុវជន រម៉ាស់ គ្វេន បានឆ្លងកាត់ខេត្តជាច្រើនមុនទៅដល់គោលដៅនាពេលនេះ ហាក់ទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា រតនគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានផ្ទៃដី១០៧៨២គីឡូម៉ែត្រការ៉េ និងមានលក្ខណៈពិសេសជាងគេក្នុងចំណោមខេត្តនៅភូមិភាគឦសានទាំង៤ដូចជា ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីនេះឯង។ ជាខេត្តសម្បូរទៅដោយបងប្អូនជនជាតិដើម និងជនជាតិចម្រុះផ្សេងទៀតរស់នៅដូចជា ខ្មែរ លាវ និងចិន រួមទាំងជនជាតិភាគតិចចំណាកស្រុកមកពីប្រទេសវៀតណាមមួយចំនួនផងដែរ។ ទន្ទឹមនឹងការសម្បូរជាតិសាសន៍ ក៏ធ្វើឱ្យខេត្តមួយនេះ មានប្រពៃណី ទំនៀមទម្លាប់ប្លែកៗពីគ្នា ក្រៅពីវប្បធម៌ខ្មែរដ៏សម្បូរបែប និងចាស់ជាងគេក្នុងតំបន់។ ប្រពៃណី ទំនៀមទម្លាប់ប្លែកៗពីគ្នានេះហើយ ជាកត្តាទាក់ទាញអ្នកទេសចរមួយផ្នែកធំ បន្ទាប់ពីតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង មិនថាភ្ញៀវទេសចរជាតិ ឬអន្តរជាតិឡើយ។

សូមជម្រាបថា ចាប់​ពីខែមេសា ដល់ខែតុលា ជារដូវ​ដែល​គេ​ស្គាល់ថា ខ្សត់ភ្ញៀវ ឬជារដូវ Low Season។ រដូវនេះដ្បិតថាខ្សត់ភ្ញៀវ ប៉ុន្តែទេសភាពមានភាពស្រស់ស្អាតខ្លាំង ព្រោះធម្មជាតិប្រែទៅជាពណ៌បៃតងស្រស់ ធ្វើឱ្យ​រាជរដ្ឋាភិបាលកម្ពុជា ប្ដូរឈ្មោះរដូវកាលខ្សត់ភ្ញៀវនេះមក​​ជា «រដូវកាលបៃតង» (Green Season) វិញ ដើម្បីលើកកម្ពស់វិស័យទសចរណ៍ និងពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងរដូវកាលបៃតងនេះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាធ្លាប់បានជំរុញឱ្យវិស័យឯកជនរួមគ្នាបញ្ចុះតម្លៃការ​ស្នាក់តាមសណ្ឋាគារ ម្ហូបអាហារ ព្រមទាំងរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមបណ្តារាជធានី-ខេត្ត ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណនៃវប្បធម៌ខ្មែរ។ ដូច្នេះ ការធ្វើដំណើរថ្មើរជើងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុកកំណើតរបស់ខ្លួននេះ គឺជាទឹកចិត្តដ៏ប្រពៃមួយរបស់យុវជន រម៉ាស់ គ្វេន ដែលយុវជនឯទៀតមិនគួរមើលរំលងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត