យុវជន២នាក់កា.ប់គេស្លា.ប់ និងរបួស រត់គេចជិត១សប្តាហ៍ត្រូវអាវុធហត្ថឃាត់ខ្លួន
អុន សម្ផស្ស
15 ឧសភា 2024 04:30 AM

ខេត្តរតនគិរី៖ អាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីចុះស្រាវជ្រាវស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីចាប់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីបានកាប់សម្លាប់ជនរងគ្រោះម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនៅកន្លែងហាត់ប្រាណមាត់បឹងកន្សែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី...។

អាវុធហត្ថបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ថ្ងៃ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្តខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងជំនាញនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តព្រៃវែង។ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពន្លាតដែនសមត្ថកិច្ចពីកន្លែងកើតហេតុដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង រហូតនៅថ្ងៃទី១៣ឧសភា ទើបចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១.ឈ្មោះ រិត សុខ អាយុ១៩ឆ្នាំ ទីលំនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ជាជនដៃដល់)។ ទី២.ឈ្មោះ វ៉ាក់ សុខលី អាយុ១៩ឆ្នាំ (ជាអ្នកដឹកជនដៃដល់)។ វត្ថុតាងចាប់យកបាន កាំបិតផ្គាក់ប្រវែង៦០,២សង់ទីម៉ែត្រ១ដើម ជនដៃដល់លាក់នៅចំណុចដីក្រុមហ៊ុនប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ទូរសព្ទ iPhone ២គ្រឿង ម៉ូតូឌ្រីមសង់C១២៥ ចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ គួររំឭកថា កាលពីវេលាម៉ោង២២:៣០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាកាប់ជនរងគ្រោះឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់) និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ (របួសធ្ងន់) នៅចំណុចកន្លែងហាត់ប្រាណមាត់បឹងកន្សែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត