
រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី២២កក្កដា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើក ដែលគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពកម្ចាត់មីន...។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានអរគុណដល់សាកលវិទ្យាល័យលេនកាហ្សៀរ ដែលខិតខំប្រឹងប្រែងអភិវឌ្ឍឧបករណ៍ប្រកបដោយនវានុវត្តន៍ ជាពិសេសការប្រើប្រាស់ដ្រូនគ្មានមនុស្សបើក ក្នុងគោលបំណងគាំទ្រដល់ការសកម្មភាពកម្ចាត់មីននៅកម្ពុជា។ លោកថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាំកម្ពុជាឆ្ពោះទៅរកស្ថានភាពមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ វាក៏ផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿនបង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងកំលុងកិច្ចប្រតិបត្តិការសកម្មភាពកម្ចាត់មីនផងដែរ។

កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពបោសសម្អាតមីន។ មកទល់ពេលនេះ កម្ពុជាបាននិងកំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍ និងប្រតិបត្តិករដោះមីន ដើម្បីបន្តបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន។ ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការស្វែងរកវិធីសាស្ដ្រថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរចំណេះដឹង និងនាំមកនូវការចាប់អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងសកម្មភាពកម្ចាត់មីន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី ធុជ។

សូមជម្រាបថា សាកលវិទ្យាលេនកាហ្សៀរ បង្កើតឡើងនៅឆ្នាំ១៨២៨ គឺជាសាកលវិទ្យាល័យដ៏ធំមួយរបស់ចក្រភពអង់គ្លេស ផ្តោតសំខាន់លើផ្នែកវិទ្យាសាស្ត្រ សិល្បៈ និងអក្សរសាស្ត្រ។ សាកលវិទ្យាល័យនេះ ក្លាយជាដៃគូជាមួយអាជ្ញាធរមីនកម្ពុជា តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ តំណាងសាកលវិទ្យាល័យ លោក ដារេន អានហ្សេល (Darren Anzell) បានប្រាប់ថា លោកមានមោទនភាពដែលបានរួមចំណែកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជា លើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មី សម្រាប់សកម្មភាពកម្ចាត់មីននៅកម្ពុជា។ លោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០៕






