អាជ្ញាធរខេត្តពោធិ៍សាត់ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន
L
Linda Sorn
20 វិច្ឆិកា 2025 07:16 AM

ក្រុងពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យពលរដ្ឋទាំងអស់រស់នៅតាមដងស្ទឹងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះកម្ពស់ទឹកស្ទឹងនៅថ្ងៃព្រហស្បតិ៍ទី២០វិច្ឆិកា ឆ្នាំ២០២៥ បានបន្តហក់ឡើងដល់កម្ពស់៥,៥ម៉ែត្រ ដែលកម្រិតមួយត្រូវប្រកាសអាសន្ន…។

អាជ្ញាធរខេត្តពោធិ៍សាត់ បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា កំណើនទឹកស្ទឹង បានបណ្តាលឱ្យសង្កាត់ចំនួន៣ នៃក្រុងពោធិ៍សាត់ រងការជនលិចខ្លាំង រួមមាន៖សង្កាត់លលកស, សង្កាត់ព្រៃញី, និងសង្កាត់បន្ទាយដី។ ក្នុងនោះ ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ បណ្ដាលមកពីក្បាលស្ទឹងសំខាន់ៗទាំង៣ នៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ធ្វើឱ្យរំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់ មិនអាចរំដោះបានទាន់ពេលវេលា។ រដ្ឋបាលខេត្តបញ្ជាក់ថា៖«ប្រឈមមុខនឹងស្ថានភាពដ៏តានតឹងនេះ អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេស គឺការផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព»។ 

រដ្ឋបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅឋានរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ត្រៀមលក្ខណៈរៀបចំទុកដាក់សម្ភារមានតម្លៃ និងឯកសារសំខាន់ៗនៅទីខ្ពស់ ហើយត្រូវតាមដានព័ត៌មានជាប្រចាំពីអាជ្ញាធរ ដើម្បីត្រៀមខ្លួនជម្លៀសប្រសិនបើស្ថានភាពតម្រូវ។ គួរជម្រាបថា បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមរយៈការព្យាករ ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីខ្យល់មូលសុងមានល្បឿនពី២ទៅ៥ម៉ែត្រក្នុងមួយវិនាទី ដែលមានភ្លៀងធ្លាក់ពីតិចទៅច្រើន គ្រប់ដណ្ដប់ស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តពោធិ៍សាត់។ មួយវិញទៀត ការព្យាករក៏បង្ហាញថា ភ្លៀងនឹងបន្តធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃង និងស្ទឹងធំ ក្នុងកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ដែលអាចបង្កឱ្យមានទឹកជំនន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត