
ក្រុងសៀមរាប៖ ដំណាំស្រូវ និងដំឡូងមី ប្រមាណជាង២ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ ក្នុងខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារការវាយប្រហារពីជំនន់ទឹកភ្លៀង។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាប…។

របាយការណ៍របស់មន្ទីរកសិកម្ម ផ្សាយដោយមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តសៀមរាប បានទទួលរងឥទ្ធិពលពីព្យុះចំនួន២ បានបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនទូទាំងខេត្ត បណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ពាន់គ្រួសារ លិចដំណាំស្រូវចំនួន៩៩៧៦ហិកតា ក្នុងស្រុកចំនួន៦ ស្មើនឹង១២៤ភូមិ។ ក្នុងនោះ៖ ស្រុកអង្គរជុំ ប៉ះពាល់១៤៨ហិកតា, ស្រុកវ៉ារិន៦៨០៤ហិកតា, ស្រុកស្វាយលើ៣៤០ហិកតា, ស្រុកជីក្រែង២៦៨៤ហិកតា, ស្រុកស្រីស្នំ៨៤០ហិកតា និងស្រុកក្រឡាញ់៥០ហិកតា ខណៈដំណាំស្រូវប្រាំង ផ្ទៃដីប៉ះពាល់សរុប១៤១០ហិកតា។

ដោយឡែក ក្រៅពីដំណាំស្រូវ ដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន និងស្រុកជីក្រែង ក៏បានរងផលប៉ះពាល់ដូចគ្នា គិតជាផ្ទៃដីសរុបចំនួន១០៣០២ហិកតា។ ចំពោះមុខផលប៉ះពាល់ និងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានូវគ្រោះមហន្តរាយនេះ មន្ទីរកសិកម្មខេត្តសៀមរាប បាននិងកំពុងបន្តកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងការដាំដុះស្ដារឡើងវិញតាមមធ្យោបាយផ្សេងៗ។ មន្ទីរក៏កំពុងបន្តតាមដានស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទឹកទន្លេសាប នៅតាមបណ្ដាក្រុង-ស្រុក៕





