
រដ្ឋធានីហាណូយ៖ វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលសន្និសីទនៅកោះត្រល់ (Phu Quoc) ក្នុងខេត្តអានយ៉ាង តម្លៃ២១,៩ពាន់ពាន់លានដុង ឬត្រូវនឹង៨៣០លានដុល្លារអាម៉េរិក ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៧...។

ទីតាំងនេះនឹងមានមជ្ឈមណ្ឌលសន្និបាត និងពិរពណ៌ រោងមហោស្រពពហុបំណង និងសួនកម្សាន្ត។ មជ្ឈមណ្ឌលសន្និបាត និងពិរពណ៌នេះ មានកម្ពស់បីជាន់ និងបន្ទប់ក្រោមដីមួយ អាចផ្ទុកមនុស្សបានជាង៦៥០០នាក់។ ចំណែករោងមហោស្រព នឹងមានកន្លែងអង្គុយប្រហែល៤០០០កៅអី មានកម្ពស់៦ជាន់ និងបន្ទប់ក្រោមដីមួយ។ មូលនិធិសម្រាប់គម្រោងនេះ បានមកពីអ្នកវិនិយោគឯកជន ដោយរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧។ បន្ទាប់ពីកិច្ចប្រជុំកំពូល APEC វានឹងត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍វប្បធម៌ សិល្បៈ កីឡា និងការកម្សាន្ត និងការតាំងពិរពណ៌។

ក្រុមប្រឹក្សាប្រជាជននៃខេត្តអានយ៉ាង កំពុងផ្តួចផ្តើមគម្រោងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅមុនកិច្ចប្រជុំ APEC ដោយបានគូសបញ្ជាក់ពីជំហររបស់វៀតណាមនៅក្នុងតំបន់ និងមានបំណងលើកកម្ពស់តួនាទីរបស់កោះត្រល់ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក។ APEC មានសមាជិកចំនួន២១ តំណាងឱ្យជាង៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានប្រជាជនប្រហែល២,៧ពាន់លាននាក់ ឬ៤០ភាគរយនៃចំនួនប្រជាជនពិភពលោក។ ចិន រុស្សី និងអាម៉េរិក គឺជាសមាជិកធំបំផុតក្នុងក្រុមនេះ។ កិច្ចប្រជុំកំពូលចុងក្រោយ ត្រូវបានធ្វើឡើងកាលពីខែមុននៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។ ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបន្ទាប់៕





