អ្នកកាសែតប្រើសម្ដីលែបខាយ និងកាយវិការបំពានជនសង្ស័យជាស្ត្រីវៀតណាម ត្រូវក្រសួងហាមលែងឱ្យធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន
S
Soriya Sou
19 វិច្ឆិកា 2025 03:01 AM

រាជធានីភ្នំពេញ៖ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន អ្នកកាសែតអនឡាញ ឈ្មោះ ខាន់ សារ័ត្ន បម្រើការនៅខេត្តស្វាយរៀង ត្រូវបានក្រសួងព័ត៌មាន សម្រេចដាក់ឈ្មោះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មានទៀតឡើយ...។

ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ធ្វើឡើងក្រោយអ្នកកាសែតរូបនេះ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់ជនសង្ស័យម្នាក់ជាស្ត្រី ដែលត្រូវបានសមត្ថកិច្ចបង្រ្កាបក្នុងករណីរំដោះឧក្រិដ្ឋជន[ជនជាតិវៀតណាម]៦នាក់ ចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៨វិច្ឆិកា មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ ក្រោយការស្រាវជ្រាវ ក្រសួងបានរកឃើញថា ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ ឈ្មោះ ខាន់ សារ័ត្ន រស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ក្រសួងព័ត៌មាន បាត់ចាត់ទុកសកម្មភាពអ្នកកាសែតខាងលើ ជាទង្វើអសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រី។ ក្រោយរកឃើញកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ ក្រសួងបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ភ្លាមៗ ព្រមទាំងបានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ អ្នកកាសែតអនឡាញខាងលើ ក៏នឹងត្រូវកោះហៅមកណែនាំ និងអនុវត្តវិធាន នៅថ្ងៃទី១៩វិច្ឆិកានេះ ដោយមន្ត្រីជំនាញក្រសួងព័ត៌មាន ស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

សូមជម្រាបថា ករណីអ្នកកាសែតដែលបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់ជនសង្ស័យជាស្ត្រីជនជាតិវៀតណាម កាលពីល្ងាចម្សិលមិញ ទទួលរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ដោយគេបានលើកឡើងថា ទោះស្ត្រីនោះជាជនសង្ស័យបានប្រព្រឹត្តកំហុស តែក៏មិនគួររងការប្រមាថបែបនេះ ខណៈទង្វើដែលអ្នកកាសែតអនឡាញរូបនេះធ្វើ ជះឥទ្ធិពលមិនល្អ និងអាចធ្វើឱ្យបរទេសដែលកំពុងឈ្លានពានយើងមានលេសចោទប្រកាន់កម្ពុជាថែមទៀតផង ដ្បិតកាលពីពេលថ្មីៗនេះ ស្ត្រីពលការិនីខ្មែរម្នាក់ រងការរំលោភបំពានរាងយ៉ាងសាហាវព្រៃផ្សៃបំផុត ពីសំណាក់ក្រុមយោធាឈុតខ្មៅថៃចំនួន៧នាក់ ដែលបានប៉ះពាល់រាងកាយនាងមុនពេលវិលត្រឡប់មកស្រុកកំណើត។ សាធារណជនជាច្រើនបានលើកឡើងថា មន្ត្រីរាជការស៊ីវិល កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់កម្រិត រួមទាំងអ្នកសារព័ត៌មាន វិនិយោគិន អាជីវករ និងប្រជាជនសាមញ្ញ សុទ្ធតែត្រូវគោរពច្បាប់រដ្ឋ សីលធម៌សង្គម សីលធម៌វិជ្ជាជីវៈរៀងៗខ្លួន មិនអាចធ្វើអ្វីមួយតាមអារម្មណ៍ ឬតាមទំនើងចិត្តបានទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត