
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាព និងយល់ឱ្យបានច្បាស់អំពីព្រំដែននៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើសិទ្ធិ សេរីភាព ហួសពីដែនច្បាប់បានកំណត់។ នេះបើតាមសារអត្ថាធិប្បាយ លើតេឡេក្រាមផ្លូវការរបស់លោក ក្រោយបញ្ជប់ជំនួបជាមួយអង្គភាពព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី១៤មីនា ឆ្នាំ២០២៥។

តាមរយៈជំនួបដដែលនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ស្ថាប័ន និងអ្នកផលិតព័ត៌មាន ត្រូវរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។ ដ្បិតលោកចាត់ទុកថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលម្ហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ន អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត សុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។

ក្រៅពីនោះ លោក នេត្រ ភក្ត្រា លើកទឹកចិត្តបន្ថែមដល់អង្គភាពព័ត៌មានដែលបានចូលជួបលោកដោយផ្ទាល់នាថ្ងៃសុក្រនេះ ក៏ដូចជាអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់។ ជាមួយគ្នាលោករដ្ឋមន្ត្រីអះអាងថា ក្រសួងតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះមិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់រហ័សអំពីប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

បើតាមលោករដ្ឋមន្ត្រី សន្តិសុខព័ត៌មាននៅកម្ពុជា ត្រូវបានពង្រឹង ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយក្រសួងបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំ ផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។ បច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានអង្គភាពសារព័ត៌មានទាំងអស់ជាង២០០០ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ១០០០អង្គភាព ដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព៕




