ក្រសួងព័ត៌មាន​​ ​និងអង្គការយូណេស្កូ បើកសន្និសីទក្រោមប្រធានបទសំខាន់ៗចំនួន៣
S
Sreyleak Yith
19 ធ្នូ 2024 03:00 AM

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សហការជាមួយអង្គការយូណេស្កូ (UNESCO) រៀបចំសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ​ ​ក្រោមប្រធានបទសំខាន់ៗចំនួន៣…។

រូបតំណាង
រូបតំណាង

តាមរយៈសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួង អង្គការយូណេស្កូ និងស្ថានទូតស៊ុយអែត បានឱ្យដឹងថា​ ប្រធានបទទាំង៣ដែលលើកមកពិភាក្សារួមមាន៖ ទី១.ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព, ទី២.ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន, និងទី៣.និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជី ថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។​​ សន្និសីទដ៏មានសារសំខាន់នេះ នឹងប្រព្រឹត្តឡើងមួយថ្ងៃពេញដោយមានការអញ្ជើញចូលរួមជា អធិបតីពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Sardar Umar Alam តំណាងប្រចាំប្រទេស​នៃអង្គការយូណេស្កូ (UNESCO) និងតំណាងស្ថានទូតស៊ុយអែត។ សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយរាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន, មន្ទីរព័ត៌មានរាជធានី-ខេត្ត, អង្គការមិនមែនរដ្ឋាភិបាល ដែលអនុវត្តការងារលើប្រព័ន្ធផ្សព្វផ្សាយ, សមាគមសារព័ត៌មាន, អ្នកសារព័ត៌មាន, អ្នកស្រាវជ្រាវ, អង្គការសង្គមស៊ីវិល, គ្រឹះស្ថានអប់រំ, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍នានា, និងសិស្ស-និស្សិតសរុបប្រមាណ២០០នាក់។

រូបតំណាង
រូបតំណាង

សូមជម្រាបថា​ សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ នឹងរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសមស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត