
រាជធានីភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកបង្កើតមាតិកាទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍ ការកាត់តរូបភាពមិនសមរម្យនៅលើបណ្ដាញសង្គម ជាពិសេសការញុះញង់ និងការប្រមាថដល់អង្គព្រះមហាក្សត្រ…។

ការណែនាំដូច្នេះ ព្រោះតែក្រសួងបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ ការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនងសង្គមមានការកើនឡើង ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ។ ក្រសួងបញ្ជាក់ថា ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើសអើងពូជសាសន៍ សាធារណជនទាំងអស់ត្រូវប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌។

«អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃជម្លោះជាមួយប្រទេសនោះក៏ដោយ។ ត្រូវជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹងសម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជន និងប្រជាជន»។ ក្រសួងក៏បានអំពាវនាវបន្ថែមដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ បង្កើនការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដោយត្រូវផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ កុំប្រើការកាត់តរូបភាព និងខ្លឹមសារមិនពិតមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រ។

យ៉ាងណាក៏ដោយ ក្រសួងព័ត៌មានបាន កោតសរសើរដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានចូលរួមជាផ្នែកនៃសំឡេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវ និងជំហរដោះស្រាយជម្លោះរបស់កម្ពុជា ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ៕



