
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍ វ៉េសស្ទើដាំ (WESTERDAM) បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត២ពាន់នាក់ ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ…។

នាវាទេសចរណ៍ឈ្មោះ WESTERDAM ធ្វើដំណើរចេញពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល១ថ្ងៃ។ នាវានេះមានបណ្តោយប្រវែង២៨៥ម៉ែត្រ ទទឹងប្រវែង៣២ម៉ែត្រ និងជម្រៅ៨ម៉ែត្រ មានផ្ទុកភ្ញៀវទេសចរសរុបចំនួន១៨៥០នាក់ (ស្រី៩៩២នាក់) មាន៤៣សញ្ជាតិ និង នាវិកសរុបចំនួន៨០៤នាក់ (ស្រី១៥៦នាក់) មាន៣៩សញ្ជាតិ ខណៈភ្ញៀវទេសចរភាគច្រើន ជាជនជាតិអាម៉េរិក អូស្រ្តាលី និងកាណាដា។

បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហុ ភ្ញៀវទេសចរទាំងអស់ក្នុងនាវា ទទួលបានស្វាគមន៍យ៉ាងកក់ក្ដៅពីមន្រ្តីពាក់ព័ន្ធកម្ពុជា។ ក្រោយការដើរលេងកម្សាន្តនៅភូមិនេសាទទំនប់រលក ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ ទីកន្លែងរូបសំណាកព្រះថោងនាងនាគ និងតំបន់មួយចំនួនទៀត ក្នុងខេត្តក្រុងសីហនុ នាវាទេសចរណ៍ WESTERDAM នឹងធ្វើដំណើរចាកចេញពីកម្ពុជា វេលាម៉ោង៨យប់ក្នុងថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសថៃ។ សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលនាវា Westerdam ជានាវាដែលនាំភ្ញៀវទេសចរធ្វើដំណើរក្នុងតំបន់អាស៊ាន បាននាំភ្ញៀវទេសចរចូលសំចតលើទឹកដីកម្ពុជា។ គេនៅចាំបានថា លើកទី១ដែលនាវានេះបានចូលចតនៅកម្ពុជា គឺនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្ញៀវនិងនាវិកជាង២ពាន់នាក់ ខណៈលើកទី២ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ផ្ទុកភ្ញៀវទេសចរជាង១៥០០នាក់។

លើកទី១ដែលនាវា WESTERDAM ចូលចតលើទឹកដីកម្ពុជា គឺចំពេលជំងឺកូវីដ-១៩កំពុងរាតត្បាតខ្លាំង ធ្វើឱ្យប្រទេសមួយចំនួនបដិសេធមិនអនុញ្ញាតឱ្យនាវានេះចូលចត ក្រោមមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ១៩។ ផ្ទុយពីគេ កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងទទួលរាក់ទាក់ភ្ញៀវយ៉ាងកក់ក្ដៅ។ កាយវិការមនុស្សធម៌របស់កម្ពុជា ទទួលបានការសាទរនិងសរសើរពីសំណាក់ភ្ញៀវអន្តរជាតិថា កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំទូលាយ៕








