នាវាទេសចរណ៍១គ្រឿង ដឹកភ្ញៀវបរទេសជិត១ពាន់នាក់ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ
S
Soriya Sou
30 តុលា 2025 08:00 AM

ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING VENUS នៅព្រឹកថ្ងៃទី៣០តុលា ឆ្នាំ២០២៥ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត១ពាន់នាក់ ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ…។

រូបភាព/ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាព/ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាវាទេសចរណ៍ វីឃីង វីនូស (VIKING VENUS) របស់ប្រទេសន័រវែស ធ្វើដំណើរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង៧:ព្រឹក ​ ថ្ងៃទី៣០តុលានេះ។ នាវានេះមានបណ្ដោយប្រវែង២២៨ម៉ែត្រ ទទឹងប្រវែងជិត២៩ម៉ែត្រ និងជម្រៅ៦,៦ម៉ែត្រ ហើយមានផ្ទុកភ្ញៀវទេសចរសរុប៨០៨នាក់ មាន២០សញ្ជាតិ និង នាវិកចំនួន៤៦៣នាក់ មាន៤០សញ្ជាតិ ខណៈភ្ញៀវទេសចរភាគច្រើនជាជនជាតិអាម៉េរិកដែលមានចំនួន៦៧១នាក់ និងកាណាដា៥៨នាក់។ ក្រោយមកដល់ ភ្ញៀវទេសចរទាំងអស់ក្នុងនាវា VIKING VENUS ទទួលបានស្វាគមន៍ពីក្រុមការងារមន្ទីរទេសចរណ៍ អាជ្ញាធរ និងវិស័យឯកជនយ៉ាងកក់ក្ដៅបំផុត។

តាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរទាំងអស់ក្នុងនាវាទេសចរណ៍ VIKING VENUS នឹងស្នាក់នៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា១យប់ ដើម្បីទស្សនារមណីយដ្ឋាន ឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។ ក្រោយដើរកម្សាន្តចប់រួចរាល់ នាវានេះនឹងដឹកភ្ញៀវទេសចរទាំងអស់ចេញពីខេត្តព្រះសីហនុ នៅវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែតុលា ធ្វើដំណើររឆ្ពោះទៅកាន់ប្រទេសថៃ​៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត