
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមានផ្ទុកអ្នកដំណើរជាង១០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ ក្រុងព្រះសីហនុ ក្នុងថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣ ដើម្បីទស្សនកិច្ចនៅខេត្ដព្រះសីហនុ មុនបន្ដដំណើរទៅប្រទេសវៀតណាម។

នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាដែលចូលចតនាពេលនេះ មានឈ្មោះ UASCO DA GAMA សញ្ជាតិ Portugal ធ្វើដំណើរ មកពីប្រទេសថៃ ដោយមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន១១០០នាក់ ភាគច្រើនសញ្ជាតិអាល្លឺម៉ង់ ក្នុងនោះមាននាវិកចំនួន ៤៩១នាក់។ នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុដោយបន្ដដំណើរទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃទី២៦តែម្ដង។

ប្រភពបន្តថា ការចូលចតនាវាទេសចណ៍នាពេលនេះ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដដែលនឹងអាចឱ្យភ្ញៀវទេសចរបន្ដផ្សព្វផ្សាយប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀតការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍ មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ជាដើម៕
រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ





