
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១០០០នាក់ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ នេះបើយោងតាមនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។

នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង៣០ម៉ែ្រត ជម្រៅជាង៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ) និងមានភ្ញៀវទេសចរសរុបចំនួន៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺជនជាតិអាម៉េរិក ។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែល និងបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម។ នេះជានាវាទី២ហើយ ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីនាវាទេសចរណ៍ខ្នាតធំ ឈ្មោះ SEABOURN ENCORE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ ក្រោយការរាតត្បាតដោយជំងឺកូវីដ-១៩។

នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន២២សញ្ជាតិ។ នាវានេះបានចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងបន្តចេញទៅវិញ និងបន្តចាកចេញទៅកាន់ប្រទេសវៀតណាមវិញ។ នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាម៉េរិកច្រើនជាងគេ ចំនួន១២៧នាក់ អង់គ្លេសចំនួន៧៨នាក់ និងអូស្ត្រាលីចំនួន ៣៣នាក់៕




