
រាជធានីបាងកក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលថ្ងៃចន្ទទី១៧ ខែវិច្ឆិកាថា សហរដ្ឋអាម៉េរិកនឹងលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត ពោលគឺមួយថ្ងៃមុនពេលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត មហាម៉េដ ប៊ីន សាលម៉ែន (Mohammed bin Salman) យាងទៅកាន់សេតវិមានដើម្បីពិភាក្សាអំពីរឿងរ៉ាវនេះ។

នៅពេលអ្នកយកព័ត៌មានសួរថា តើរដ្ឋធានីវ៉ាស៊ីនតោននឹងយល់ព្រមលក់យន្តហោះចម្បាំងទៅឱ្យរាជធានីរីយ៉ាដហ៍ឬក៏អត់? លោក ត្រាំ ឆ្លើយថា ៖«យើងនឹងលក់ឱ្យ។ យើងនឹងលក់យន្តហោះ F-35។ ពួកគេ[អារ៉ាប៊ីសាអូឌីត] ជាសម្ព័ន្ធមិត្តដ៏អស្ចារ្យ»។ មែនទែនទៅ រាជធានីរីយ៉ាដហ៍ បានស្វែងរកការបញ្ជាទិញយន្តហោះចម្បាំង F-35 ជាយូរមកហើយ។ ជុំវិញរឿងរ៉ាវនេះ មន្ត្រីអ៊ីស្រាអែលបានសម្ដែងការព្រួយបារម្ភជាខ្លាំងអំពីការលក់យន្តហោះនេះទៅឱ្យអារ៉ាប៊ីសាអូឌីត ខណៈវិបត្តិនៅនៅមជ្ឈិមបូព៌ាកំពុងចាក់ស្រែះដូចសំបុកពីងពាង។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកបានបើកភ្លើងខៀវឱ្យលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ដល់សម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួន រួមទាំងសម្ព័ន្ធមិត្តណាតូអឺរ៉ុបមួយចំនួន និងអ៊ីស្រាអែលផងដែរ។

ក្រៅពីនេះ ប្រភពបានបង្ហាញថា លោក ត្រាំ និងព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ែន បានហ្លាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលផងដែរ។ អារ៉ាប៊ីសាអូឌីត ដែលជាជង្រុកប្រេងកំពូលមួយរបស់ពិភពលោក បានអះអាងថា រាជធានីរីយ៉ាដហ៍ចង់ធ្វើពិពិធកម្មពីឥន្ធនៈហ្វូស៊ីល ហើយកំពុងស្វែងរកបច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាម៉េរិកផងដែរ ដែលគេហៅថា «កិច្ចព្រមព្រៀង ១២៣»៕




