
រាជធានីភ្នំពេញ៖ ធុរជនក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១០ កំពុងចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម។ ចំណាប់អារម្មណ៍នេះ ត្រូវបានបញ្ជាក់ក្នុងជំនួបជាមួយ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ…។

លោក ឃួន ផុនរតនៈ បញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧វិច្ឆិកា លោកបានជួបពិភាក្សាការងារជាមួយលោក យឹម ស៊ីណន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវវិជ្ជាជីវៈ និងគណៈប្រតិភូពីបណ្តាក្រុមហ៊ុនវិនិយោគកូរ៉េចំនួន១០ក្រុមហ៊ុន។ ក្នុងកិច្ចពិភាក្សា តំណាងក្រុមហ៊ុនវិនិយោគកូរ៉េទាំង១០ បានសម្ដែងចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនទាំងនោះចង់ដាក់ទុនលើការផលិតគ្រឿងប្រើប្រាស់អគ្គិសនី គ្រឿងបន្លាស់រថយន្ត ផលិតផលជ័រកៅស៊ូ កង់រថយន្ត ថ្នាំលាប ជាដើម។

ឆ្លើយតបចំពោះចំណាប់អារម្មណ៍ជាវិជ្ជមានរបស់តំណាងក្រុមហ៊ុនកូរ៉េ លោក ឃួន ផុនរតនៈ បានជម្រាបក្រុមហ៊ុនអំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា និងការលើកទឹកចិត្តផ្សេងៗ សម្រាប់អ្នកវិយោគផ្ទាល់ក្នុងប្រទេសកម្ពុជា ហើយលោកស្វាគមន៍ចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុនទាំង១០ខាងលើ។ សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានដំឡើងកម្រិតដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ ខណៈអ្នកវិនិយោគកូរ៉េ មានការចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ព្រោះកម្ពុជាជាប្រទេសមានលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារខ្ពស់ក្រោមច្បាប់វិនិយោគថ្មី ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងសក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំណុចតភ្ជាប់នៃអាស៊ាន៕




