ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
S
Soriya Sou
23 កក្កដា 2025 06:30 AM

រាជធានីភ្នំពេញ៖ អ្នកវិនិយោគនៃសាធារណរដ្ឋកូរ៉េ កំពុងស្វែងរកឱកាសវិនិយោគលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅទីផ្សារក្នុងតំបន់ ខណៈកំពង់ធំជាខេត្តគោលដៅដ៏មានសក្តានុពល។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម...។

រូបតំណាង
រូបតំណាង

ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំង គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដឹកនាំដោយ លោក ឃ្យុងមីន គីម ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេស នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានលើកយកបញ្ហានេះមកពិភាក្សាគ្នា កាលពីថ្ងៃទី២២កក្កដាម្សិលមិញ។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានា និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត។

រូបថតជុំគ្នារវាងមន្រ្តីនៃក្រសួងពាណិជ្ជ សហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ។ រូបភាព/ក្រសួងពាណិជ្ជកម្ម
រូបថតជុំគ្នារវាងមន្រ្តីនៃក្រសួងពាណិជ្ជ សហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ។ រូបភាព/ក្រសួងពាណិជ្ជកម្ម

តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ខេត្តកំពង់ធំ ជាទីតាំងដែលអ្នកវិនិយោគចាប់អារម្មណ៍។ ក្រោយបញ្ចប់កិច្ចជំនួបជាមួយមន្រ្តីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ នឹងបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់នៅចម្ការស្វាយចន្ទី ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។ សូមជម្រាបថា កំពង់ធំ ត្រូវបានគេដឹងថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ ស្វាយចន្ទី ជាប្រភេទដំណាំកសិឧស្សាហកម្ម មានសារសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វាមានប្រយោជន៍ច្រើន ជាពិសេសលើផ្នែកផលិតចំណីហារ និងត្រូវគេយកទៅចម្រាញ់ធ្វើជាប្រេងបានផងដែរ៕

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម 
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម 
ចម្ការដំណាំស្វាយចន្ទីមួយនៅក្នុងខេត្តកំពង់ធំ។ រូបភាព/ក្រសួងព័ត៌មាន
ចម្ការដំណាំស្វាយចន្ទីមួយនៅក្នុងខេត្តកំពង់ធំ។ រូបភាព/ក្រសួងព័ត៌មាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត