
រដ្ឋធានីសេអ៊ូល៖ ក្រុមហ៊ុន SK Securities ដែលជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ឧសភា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរសព្ទដែលមានឈ្មោះថា JOOPASOO។ លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនរយៈពេល៩ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ ហើយបានទទួលពានរង្វាន់ "Korea Exchange Compliance Awards" ចំនួនបួនដងក្នុងឆ្នាំ២០១២, ២០១៤, ២០១៥ និង២០១៩។ ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូចក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។ ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។

ជាចុងក្រោយ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានានៅកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនជាបន្ដបន្ទាប់៕






