
រាជធានីភ្នំពេញ៖ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់សំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋជាអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូតិ៍ ខុនដូ និងផ្សារនៅទូទាំងប្រទេសកម្ពុជា បានចំនួន១១៥គម្រោង…។

សេចក្ដីប្រកាសរបស់ក្រសួងដែនដី ចុះថ្ងៃទី១៤វិច្ឆិកា តែត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧វិច្ឆិកានេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤វិច្ឆិកា ក្រសួងបានទទួលសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋដែលជាអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូតិ៍ ខុនដូ និងផ្សារនៅទូទាំងប្រទេសកម្ពុជា សរុបចំនួន១៧៦គម្រោង។ ក្រោយទទួលសំណើពីបងប្អូនប្រជាពលរដ្ឋ ក្រសួងបានសិក្សា និងប្រមូលព័ត៌មាន ក៏ដូចជាទិន្នន័យក្បាលដីធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធ ហើយបានអញ្ជើញភាគីពាក់ព័ន្ធរួមមាន៖ អតិថិជន, ម្ចាស់គម្រោង, ម្ចាស់ដី, ម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀតមកប្រជុំសម្របសម្រួលដោះស្រាយ។

បើតាមក្រសួងដែនដី កិច្ចប្រជុំឈរលើស្មារតីយោគយល់ អនុគ្រោះគ្នា និងគោលការណ៍ឈ្នះឈ្នះ ប៉ុន្តែធានាបាននូវសមធម៌ គុណធម៌ និងយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល ក្រសួងបានសម្របសម្រួលដោះស្រាយបញ្ចប់១១៥គម្រោង, បញ្ជូនទៅស្ថាប័នតុលាការ៤គម្រោង និងកំពុងបន្តសម្របសម្រួលដោះស្រាយ៥៧គម្រោងទៀត។ សូមជម្រាបថា ស្របពេលបញ្ហារវាងអតិថិជនជាមួយគម្រោងអភិវឌ្ឍន៍បុរី ដីឡូតិ៍ ខុនដូ និងផ្សារ មិនទាន់បានដោះស្រាយចប់រួចរាល់ ហើយករណីថ្មីក៏បន្តកើតមានជាហូរហែរ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានក្រើនរំឭកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នមុនសម្រេចចិត្តទិញអចលទ្រព្យណាមួយ។

លោកមានប្រសាសន៍ថា ដើម្បីបញ្ចៀសហានិភ័យ «ទិញផ្ទះមិនបានផ្ទះ» អតិថិជនត្រូវដឹងថា គម្រោងនោះមានលិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណលក់ និងបណ្ណប្លង់កម្មសិទ្ធិដីធ្លី ឬអត់? បើគ្មានទេ បានន័យថា គម្រោងនោះមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌច្បាប់ ឬជាគម្រោងមិនទាន់ស្របច្បាប់ ដែលអាចនឹងកើតមានហានិភ័យជាយថាហេតុណាមួយ៕




