រដ្ឋនឹងវាយកម្ទេចចោល«អតីតសណ្ឋាគារអង្គរមានជ័យ» ក្រោយឆ្លងកាត់ពេលវេលាអស់៧៥ឆ្នាំ ហើយស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង
អុន សម្ផស្ស
07 ឧសភា 2025 09:30 AM

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងវាយកម្ទេចចោលសំណង់អគារមួយកន្លែងដែលជាអតីតសណ្ឋាគារអង្គរមានជ័យ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការវាយរំលំអគារនេះចោល នឹងត្រូវធ្វើឡើងបន្ទាប់ពីពលរដ្ឋ៤គ្រួសារចុងក្រោយដែលរស់នៅក្នុងអគារចំណាស់នេះ ចាកចេញផុតសិន។  

រូបភាពសំណង់អគារចាស់នៅក្រុងភ្នំពេញ។
រូបភាពសំណង់អគារចាស់នៅក្រុងភ្នំពេញ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងនៅថ្ងៃទី៧ឧសភា ឆ្នាំ២០២៥ថា៖«ក្រសួង នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារ[..]»។ ក្រសួងថែមទាំងក្រើនរំឭកដល់ពលរដ្ឋ៤គ្រួសារដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្មក្នុងអគារនេះ ឱ្យចាកចេញពីអគារជាបន្ទាន់ ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះក្រុមការងារក្រសួង នឹងបន្តសម្របសម្រួល ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយចំនួន៤គ្រួសារនេះ។

លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស.) 
លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស.) 

ក្រៅតែពីការជូនដំណឹងនេះ ក្រសួងដែនដី ប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ហ៊ុមព័ទ្ធ អតីតសណ្ឋាគារអង្គរជ័យជាបន្ទាន់ ដើម្បីហាមឃាត់មិនឱ្យប្រើប្រាស់បន្តទៅទៀត ហើយក៏ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។ ការប្រកាសពីចំណាត់ការរបស់ក្រសួងនេះ ធ្វើឡើងក្រោយពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

រូបភាពអាជ្ញាធរចុះដល់ទីតាំងសំណង់ចាស់នៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។
រូបភាពអាជ្ញាធរចុះដល់ទីតាំងសំណង់ចាស់នៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា អតីតសណ្ឋាគារអង្គរមានជ័យ មានក្រឡាផ្ទៃបាត៥៥០ម៉ែត្រការ៉េ និងកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ មានពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ។ អគារនេះត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ ដោយគិតមកដល់បច្ចុប្បន្នមានអាយុកាល ៧៥ឆ្នាំហើយ គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន៦១គ្រួសារ បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួង ហើយស្ម័ត្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព។ នៅមានពលរដ្ឋតែ៤គ្រួសារប៉ុណ្ណោះដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្មមិនទាន់យល់ព្រមចាកចេញពីអគារនេះ។

រូបភាព៖ អាជ្ញាធរចុះដល់ទីតាំងសំណង់ចាស់នៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។
រូបភាព៖ អាជ្ញាធរចុះដល់ទីតាំងសំណង់ចាស់នៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។

សូមរំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ កាលពីពេលថ្មីកន្លងទៅ ធ្លាប់បានណែនាំឱ្យក្រសួងពាក់ព័ន្ធត្រួតពិនិត្យសំណង់អគារចាស់ៗឡើងវិញ។ ការណែនាំរបស់ប្រមុខរដ្ឋាភិបាលកាលនោះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍រញ្ជួយដីខ្លាំងនៅថៃ និងនៅមីយ៉ាន់ម៉ា ហើយបណ្តាលឱ្យបាក់អគារ និងបាត់បង់ជីវិតមនុស្សនៅប្រទេសទាំងពីរនេះ៕ 

រូបភាព៖ ទីតាំងសំណង់ចាស់នៅ រាជធានីភ្នំពេញ។
រូបភាព៖ ទីតាំងសំណង់ចាស់នៅ រាជធានីភ្នំពេញ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត