ក្រសួងរៀបចំដែនដី ផ្អាកអតិថិជន «បុរីKPម៉នដានីគម្រោងទី២៩» មិនឱ្យបង់ប្រាក់រហូតមានការជូនដំណឹងពីក្រសួង
អុន សម្ផស្ស
21 មិថុនា 2024 05:20 AM

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហៅកាត់ថា ដ.ន.ស. បានប្រកាសផ្អាកមិនឱ្យអតិថិជនដែលបានទិញផ្ទះ ឬទិញដីពី បុរី ខេភី ម៉ន ដានី គម្រោងទី២៩ ផ្លូវជាតិលេខ៣ បង់ប្រាក់ដល់គម្រោងបន្តទៀត រហូតមានការជូនដំណឹងជាថ្មីពីក្រសួង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤..។

រូបភាព៖ ពលរដ្ឋរងគ្រោះក្នុងបុរី ខេភី ម៉ន ដានី គម្រោងទី២៩ ទៅធ្វើបច្ចុប្បន្នភាពនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបភាព៖ ពលរដ្ឋរងគ្រោះក្នុងបុរី ខេភី ម៉ន ដានី គម្រោងទី២៩ ទៅធ្វើបច្ចុប្បន្នភាពនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងបញ្ជាក់ថា ដោយផ្អែកលើស្ថានភាពនៃការធ្វើបច្ចុប្បន្នភាពតាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងដែនដី ចំនួនអតិថិជនដែលមកបំពេញឯកសារប្រចាំថ្ងៃ និងការសាកសួរព័ត៌មានពាក់ព័ន្ធនឹងការបង់ប្រាក់របស់អតិថិជន។ ដ.ន.ស. ជម្រាបជូនអតិថិជនរបស់ បុរី KP ម៉ន ដានី គម្រោងទី២៩ ស្ថិតនៅក្នុងភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្យា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺទាំងអស់ ត្រូវផ្អាកបង់ប្រាក់ជូនដល់បុរី ម៉ន ដានី គម្រោងទី២៩ និងរង់ចាំរហូតដល់ ដ.ន.ស. ជូនព័ត៌មានផ្លូវការក្រោយបញ្ចប់ការធ្វើ បច្ចុប្បន្នភាពនេះ។ ទន្ទឹមគ្នា ក្រសួងក៏បានប្រកាសបន្តការធ្វើបច្ចុប្បន្នភាពដល់អតិថិជនបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ហេតុនេះ ក្រសួងអំពាវនាវដល់អតិថិជននៅគម្រោងទី២៩ អញ្ជើញមកបន្តធ្វើបច្ចុប្បន្នភាពនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលសន្និបាត២០២១ ជាន់ទី២។

គួរកត់សម្គាល់ថា ដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នាពេលនេះ ធ្វើឡើងក្រោយអតិថិជនជាច្រើនគ្រួសារ បានតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ភូមិសាស្ត្រខេត្តកំពង់ស្ពឺ (ច្រកចូលគម្រោងទី២៩) ហើយត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃទី៥ឧសភា ឆ្នាំ២០២៤ ក្នុងសកម្មភាពបង្ខំឱ្យពលរដ្ឋបញ្ឈប់ការតវ៉ា។ ក្រោយអ្នកតវ៉ាបំបែកគ្នាអាជ្ញាធរ ក៏បានដោះលែងពលរដ្ឋទាំង៣នាក់នោះវិញ។ គេចាំបានថា ការតវ៉ារបស់អតិថិជននាពេលនោះ គឺធ្វើឡើងដើម្បីទាមទារផ្ទះ និងដី ដែលពួកគេបានទិញពី លោកស្រី ម៉ន ដានី ម្ចាស់គម្រោងទី២៩ ខណៈហួសពេលដែលត្រូវកំណត់ប្រគល់-ទទួលជាងបីឆ្នាំហើយ អតិថិជននៅតែមិនទាន់ទទួលបានផ្ទះ ឬដី តាមការសន្យារបស់ម្ចាស់គម្រោង ទាំងដែលអតិថិជនខ្លះបានបង់ប្រាក់ផ្តាច់រួចអស់ហើយ។ សូមរំឭកថា ក្រុមហ៊ុន ម៉នដានី រៀលអ៊ីស្ទេត ឯ.ក របស់លោកស្រី ម៉ន ដានី ត្រូវបាន ន.អ.ប បញ្ឈប់សកម្មភាពអាជីវកម្ម នៅគម្រោងទី២៩ ក្នុងខេត្តកំពង់ស្ពឺ ក្រោមហេតុផលគ្មានអាជ្ញាបណ្ណពី ន.អ.ប និងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជនក្នុងអំឡុងខែមីនា ឆ្នាំ២០២៣។

រូបភាព៖ ពលរដ្ឋត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនពេលវ៉ាកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២៤
រូបភាព៖ ពលរដ្ឋត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនពេលវ៉ាកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២៤

ក្រៅពីមានបញ្ហាជាមួយម្ចាស់ដីដែលខ្លួនបានទិញដើម្បីសាងសង់បុរី លោកស្រី ម៉ន ដានី ក៏មានបញ្ហាជាមួយអតិថិជន និងរងបណ្ដឹងរក្សាការពារផងដែរ។ តុលាការបានចេញដីកាឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងដីកាបញ្ជានេះ បានបង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈស្វែងរកចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ករណីនេះ នាំឱ្យប្រជាពលរដ្ឋជាអ្នកទិញផ្ទះស្រែករកយុត្តិធម៌ជាហូហែ ដើម្បីស្វែងរកដំណោះស្រាយបានដី និងផ្ទះដែលពួកគេបានទិញ៕

រូបភាព៖ លោកស្រី ម៉ន ដានី ម្ចាស់«បុរីKPម៉នដានីគម្រោងទី២៩»
រូបភាព៖ លោកស្រី ម៉ន ដានី ម្ចាស់«បុរីKPម៉នដានីគម្រោងទី២៩»
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត