ទូរទស្សន៍អន្តរជាតិដ៏ធំមានអ្នកមើលជាង៤០០លាននាក់ មកថតភាពយន្តឯកសារ «អំពីភាពរុងរឿងរបស់កម្ពុជា»
S
Soriya Sou
17 វិច្ឆិកា 2025 04:48 AM

រាជធានីភ្នំពេញ៖ ស្ថានីយទូរទស្សន៍អន្តរជាតិដ៏ល្អល្បីមួយរបស់បារាំង មានអ្នកទស្សនាជាង៤០០លាននាក់ សម្រេចមកថតខ្សែភាពយន្តឯកសារអំពីភាពរីកចម្រើនរបស់កម្ពុជា និងដើម្បីផ្សព្វផ្សាយទៅកាន់ដល់ពិភពលោក…។

កាលពីថ្ងៃទី១៦វិច្ឆិកា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក មីឃែល ដាម៉ុង (Michaël Darmon) និងលោក អ៊ីហ្វ ដឺរ៉េ (Yves Derai) ជាអ្នកកាសែត ផលិតករ និងជាអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិរបស់បារាំង ឈ្មោះ TV5 Monde (តេវ៉េសែញ ម៉ុង) ផ្សាយដល់ជាង២០០តំបន់ មានទស្សនិកជនជាង៤២១លាននាក់នៅជុំវិញពិភពលោក។ អ្នកកាសែត និងជាផលិតករបារាំងទាំងពីររូបនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ដើម្បីស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារស្តីពី «ការរីកចម្រើនរុងរឿងរបស់កម្ពុជា»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប ក្នុងការមកថតខ្សែភាពយន្តឯកសារដែលមានលក្ខណៈប្រវត្តិសាស្ត្រ បញ្ជាក់ពីតថភាពជាក់ស្តែង និងកម្រិតអន្តរជាតិ ដោយបានផ្សារភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ ជាមួយកាលានុវត្តវិនិយោគក្នុងវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ បានត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់កិច្ចសហការជាមួយផលិតករលើគម្រោងដ៏មានសារសំខាន់នេះ និងជាប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងប្រជាជនពិភពលោកផង ឱ្យបានយល់ដឹងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។

សូមជម្រាបថា ក្រោយបញ្ចប់ការងារថតរួចរាល់ ខ្សែភាពយន្តឯកសារស្ដីពី «ភាពរុងរឿងរបស់កម្ពុជា»នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូល (ហ្រ្វង់កូហ្វូនី) ជាកិច្ចប្រជុំអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលប្រព្រឹត្តធ្វើឡើងលើទឹកដីខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត