
រាជធានីភ្នំពេញ៖ កម្ពុជា និងចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង...។

ការប្ដេជ្ញាដូច្នេះ ធ្វើឡើងដោយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និង លោកស្រី ស្ទេភេនី ភីសឃុក Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស នាឱកាសចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅរាជធានីឡុងដ៏ ចក្រភពអង់គ្លេស។ ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី៩វិច្ឆិកានេះថា ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ថ្នាក់ដឹកនាំតំណាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក ហួត ហាក់ បានជម្រាបលោកស្រី ស្ទេភេនី ភីសឃុក ពីភាពអំណោយផល និងសក្ដានុពលរបស់កម្ពុជា ពិសេសលើវិស័យទេសចរណ៍។ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញរដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជន នៃចក្រភពអង់គ្លេស មកទស្សនកិច្ចនៅកម្ពុជា ដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប។ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប់ចំណាត់ថ្នាក់ទី៩ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។ ជាការឆ្លើយតប លោកស្រី ស្ទេភេនី ភីសឃុក បានឯកភាពហើយអះអាងថា លោកស្រីនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា នាពេលខាងមុខ៕



