រដ្ឋមន្រ្តីជំរុញអ្នកពាក់ព័ន្ធរួមគ្នាធ្វើពិពិធកម្មទេសចរណ៍ ទាក់ទាញភ្ញៀវឱ្យដើរកម្សាន្តច្រើនគោលដៅ
S
Soriya Sou
14 តុលា 2025 11:00 AM

ក្រុងកែប៖ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ហើយនៅកម្សាន្តបានយូរ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ ជាពិសេស ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់ទៅតំបន់ឆ្នេរ…។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់ទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ មានប្រសាសន៍ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាព ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខណៈពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើងជាលំដាប់។ លោកថា សក្កានុពលទេសចរណ៍កម្ពុជាមានលក្ខណៈល្អឯក និងសម្បូរបែប ប៉ុន្តែហាក់ខ្វះការរៀបចំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យដើរកម្សាន្តបានច្រើនគោលដៅ សម្រាកបានយូរ និងចាយលុយច្រើន។

«ខ្ញុំជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ អាជ្ញាធរ សមាគម និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ និងតភ្ជាប់ពីគោលដៅមួយទៅគោលដៅមួយ ជាពិសេស ពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរ រួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង»។ ទន្ទឹមគ្នា ត្រូវយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជាដើម។ លោករដ្ឋមន្រ្តីបានស្នើដល់លោក ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា ជួយតាមដានវាយតម្លៃ លើការជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ មកកាន់តំបន់ឆ្នេរ ទាំងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ រួចរាយការណ៍មកក្រសួង ដើម្បីដាក់ចេញវិធានការ គោលនយោបាយឱ្យចំគោលដៅ និងទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត