ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងអំពើពុករលួយក្នុងគម្រោងគ្រប់គ្រងទឹកជំនន់
N
Nary Vann
17 វិច្ឆិកា 2025 04:00 AM

រដ្ឋធានីម៉ានីល៖ ប្រជាជនហ្វីលីពីនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៦ វិច្ឆិកា នៅក្នុងរដ្ឋធានីម៉ានីល ដើម្បីទាមទារការទទួលខុសត្រូវចំពោះរឿងអាស្រូវអំពើពុករលួយក្នុងការគ្រប់គ្រងទឹកជំនន់ ដែលជាប់ពាក់ព័ន្ធនឹងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប។

ក្រុមផ្សេងៗបានតវ៉ាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការរកឃើញថា គម្រោងការពារទឹកជំនន់រាប់ពាន់នៅទូទាំងប្រទេស មិនត្រឹមត្រូវតាមស្ដង់ដារ មិនពេញលេញ ឬមិនមានតែម្ដង។ វិស្វករជួលដោយរដ្ឋាភិបាល មន្ត្រីសាធារណការ និងនាយកប្រតិបត្តិក្រុមហ៊ុនសំណង់ បានផ្តល់សក្ខីកម្មក្រោមសម្បថនៅក្នុងសវនាការរបស់ព្រឹទ្ធសភា និងគណៈកម្មការស្វែងរកការពិតថា សមាជិកសភា និងមន្ត្រីនៅនាយកដ្ឋានសាធារណការ និងផ្លូវហាយវេ បានទទួលប្រាក់សំណូកពីក្រុមហ៊ុនសំណង់ ដើម្បីជួយពួកគេឈ្នះកិច្ចសន្យារាប់លានដុល្លារ និងជៀសវាងការទទួលខុសត្រូវ។ យ៉ាងណាមន្ត្រីភាគច្រើនបានបដិសេធការចោទប្រកាន់នេះ។

ប៉ូលិសបានរាយការណ៍ថា សមាជិកនៃក្រុម Iglesia Ni Cristo ឬ Church of Christ ប្រហែល ៦៥០ ០០០នាក់ បានចូលរួមការជួបជុំរយៈពេលបីថ្ងៃ នៅឧទ្យាន Rizal នៃរដ្ឋធានីម៉ានីល ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។ មនុស្សជាច្រើនបានស្លៀកអាវពណ៌ស និងកាន់បដាប្រឆាំងអំពើពុករលួយ។ មនុស្សប្រហែល ២ពាន់នាក់ រួមទាំងឧត្តមសេនីយ៍ចូលនិវត្តន៍ បានធ្វើបាតុកម្មប្រឆាំងអំពើពុករលួយដាច់ដោយឡែកមួយនៅយប់ថ្ងៃអាទិត្យទី១៦ វិច្ឆិកា នៅវិមានអំណាចប្រជាជន ក្នុងទីក្រុងជាយក្រុង Quezon។ អ្នកចូលរួមក្នុងការតវ៉ាម្នាក់ បានលើកឡើងថា៖«ចោរទាំងនេះបានធ្វើឱ្យយើងខឹងសម្បារយ៉ាងខ្លាំង ពីព្រោះយើងបានបង់ពន្ធត្រឹមត្រូវ តែមន្ត្រីទាំងនេះបែរជាប្លន់យករតនាគារ និងប្លន់យកអនាគតរបស់យើង។ យើងសង្ឃឹមថា យើងនឹងទទួលបានយុត្តិធម៌ ហើយប្រាក់ដែលពួកគេលួចយកទៅ នឹងត្រូវប្រគល់ជូនប្រជាជនវិញ។»

លោក ចនវិក រ៉េមូលឡា (Jonvic Remulla) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ប៉ូលិស ដែលគាំទ្រដោយយោធា បានប្រុងប្រយ័ត្នពេញលេញ និងបានដាក់ពង្រាយបុគ្គលិករាប់ពាន់នាក់ ដើម្បីធានាសុវត្ថិភាពនៃការប្រមូលផ្តុំដោយសន្តិវិធី។ ក្នុងអំឡុងពេលនៃការជួបជុំប្រឆាំងអំពើពុករលួយនៅថ្ងៃទី២១ ខែកញ្ញា ក្រុមបាតុករស្លៀកពាក់ខ្មៅរាប់រយនាក់ បានគប់ដុំថ្ម ដបទឹក និងគ្រាប់បែកភ្លើងទៅលើប៉ូលិស នៅជិតវិមានប្រធានាធិបតីនៅរដ្ឋធានីម៉ានីល ដែលធ្វើឱ្យមន្ត្រីជាង ១០០នាក់រងរបួស។ ពាក្យបណ្តឹងព្រហ្មទណ្ឌត្រូវបានដាក់ប្រឆាំងនឹងក្រុមបាតុករចំនួន ៩៧នាក់។ វិមានប្រធានាធិបតីត្រូវបានបិទខ្ទប់កាលពីចុងសប្តាហ៍ ដោយផ្លូវចូលសំខាន់ៗត្រូវបានរារាំងដោយប៉ូលិសប្រឆាំងកុបកម្ម កុងតឺន័រដឹកទំនិញ និងលួសបន្លា។ ឧត្តមសេនីយ៍ឯក ចូសេ ម៉េលេនស៊ីអូ ណាតាតេស ជូនៀរ (Jose Melencio Nartatez Jr.) អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យអនុវត្តច្បាប់ឱ្យមានការអត់ឱនអតិបរមា នៅក្នុងការប្រមូលផ្តុំនៅថ្ងៃអាទិត្យទី១៦ វិច្ឆិកា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត