
រាជធានីភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្ពុជាទទួលកូនផ្សោតកើតថ្មីចំនួន៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជា នាពេលបច្ចុប្បន្នកើនឡើងដល់១១១ក្បាល។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ថ្ងៃ១៥វិច្ឆិកា...។

មន្រ្តីកសិកម្ម គូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យចំនួនសត្វផ្សោតកើនបែបនេះ ក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្នាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លើសពីនេះក៏មាន ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់។

ជាមួយគ្នាមន្រ្តីកសិកម្ម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ បន្តរាយការណ៍ព័ត៌មានដល់សមត្ថកិច្ច នៅពេលប្រទះឃើញការធ្វើនេសាទខុសច្បាប់ក្នុងកន្លែងអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈលេខទូរសព្ទ ០៩៩ ៧៩១ ៩១៩, ០៩៧ ៦៦៦ ៤៩៩៩, ០១១ ៣៥៥ ៨៨៣, ០៨៨ ៨៣៥៥ ៨៨៣, ០១២ ៨៩៧ ៩៤៣។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ មកទល់បច្ចុប្បន្ន៕



