
តម្លៃប្រេងបានកើនឡើងជាង២ភាគរយ នៅថ្ងៃសុក្រទី១៤វិច្ឆិកានេះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បំផ្លាញឃ្លាំងប្រេងមួយកន្លែង នៅកំពង់ផែសមុទ្ទខ្មៅនៃទីក្រុង Novorossiysk របស់រុស្ស៊ី...។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង១,៣៤ដុល្លារ ឬ២,១៣ភាគរយ ដោយជួញដូរក្នុងតម្លៃ៦៤,៣៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់អាម៉េរិក West Texas Intermediate បានកើនឡើង១,៤០ដុល្លារ ឬ២,៣៩ភាគរយ ដោយជួញដូរនៅតម្លៃ៦០,០៩ដុល្លារក្នុងមួយបារ៉ែល។ យន្តហោះគ្មានមនុស្សបើកត្រូវបានគេរាយការណ៍ថា បានវាយប្រហារទៅលើផ្ទះល្វែងចំនួនបីខ្នង និងឃ្លាំងប្រេង ក៏ដូចជារចនាសម្ព័ន្ធនៅតាមឆ្នេរសមុទ្ទផងដែរ។ ការស្ទុះឡើងនៃតម្លៃប្រេងនេះ កើតឡើងផងដែរ ខណៈសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ី Lukoil និង Rosneft ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធឱ្យវិមានក្រឹមឡាំង ចូលតុចរចាសន្តិភាពលើអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មនេះ ហាមឃាត់ការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនរុស្ស៊ីបន្ទាប់ពីថ្ងៃទី២១ ខែវិច្ឆិកា។

ជុំវិញបញ្ហានេះ អ្នកវិភាគបានកត់សម្គាល់ថា ការដឹកជញ្ជូនប្រេងប្រហែល ១,៤លានបារ៉ែល ឬជិត១/៣នៃការនាំចេញប្រេងក្នុងមួយថ្ងៃតាមសមុទ្ទរបស់រុស្ស៊ី អាចនឹងជាប់គាំងនៅក្នុងកប៉ាល់ដឹកប្រេង ដោយសារតែការទណ្ឌកម្មនេះ។ នាពេលថ្មីៗនេះ របាយការណ៍របស់អង្គការ OPEC បានបង្ហាញថា ការផ្គត់ផ្គង់ប្រេងសកលកើនឡើងលើសពីតម្រូវការ ដែលបានរំពឹងទុកនៅឆ្នាំ២០២៦ ដែលប៉ះពាល់ដល់អារម្មណ៍ទីផ្សារ។ លើសពីនេះទៀត រដ្ឋបាលថាមពលរបស់សហរដ្ឋអាម៉េរិក បានរាយការណ៍ពីការកើនឡើងធំជាងការរំពឹងទុក នៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាម៉េរិករហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ដោយកើនឡើងពី៦,៤លានបារ៉ែល ទៅ៤២៧,៦លាន៕



