កម្ពុជា-អារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាពង្រីកវិស័យទេសចរណ៍
S
Sreyleak Yith
14 វិច្ឆិកា 2025 02:15 AM

រាជធានីរីយ៉ាដ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែវិចិ្ជកា ឆ្នាំ២០២៥...។

មន្រ្តីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism-26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក អាមេធ អាល់-ខាធីប (Ahmed Al-Khateeb) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មានភាពសកម្ម តាមរយៈការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីជំរុញទេសចរណ៍, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip។ ជាមួយគ្នា រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រីទេសចរណ៍អារ៉ាប៊ីសាអូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួមអបអរសាទរចំពោះជោគជ័យរបស់លោករដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិនាពេលនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត