
រាជធានីភ្នំពេញ៖ ឆាប់ៗនេះ ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗពីគ្រប់វិស័យ មកពិនិត្យសក្ដានុពលលើវិស័យទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលលោកចាត់ទុកជាទីផ្សារទើបនឹងរះ…។

ការបង្ហើបប្រាប់ពីគម្រោងទស្សនកិច្ចនៅម្ពុជា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារកម្រិតខ្ពស់រវាងលោក ហាសាន់ អាល់-ហ៊ូវៃហ្ស៊ី (Hassan Al-Huwaizy) ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នាឱកាសចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងកិច្ចពិភាក្សា លោក ហួត ហាក់ បានជម្រាបប្រាប់លោក ហាសាន់ អាល់-ហ៊ូវៃហ្ស៊ី ពីស្ថានភាពពិតនៃនយោបាយ, សេដ្ឋកិច្ច, សង្គម, សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ, យន្តការលើកទឹកចិត្តដល់វិនិយោគិន, ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយជ្រាបពីស្ថានភាពពិតនៃសក្ដានុពលវិនិយោគនៅកម្ពុជា ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា លោកពិតជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តភាពវិនិយោគដ៏ល្អរបស់កម្ពុជា។ ដូច្នេះ នៅខែធ្នូខាងមុខនេះ លោកនឹងរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗមកពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងស្វែងយល់ផ្ទាល់នៅប្រទេសកម្ពុជា។ សូមជម្រាបថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុមគ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួននៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕





