
រាជធានីរីយ៉ាដ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈដំណើរទស្សនកិច្ចទៅប្រទេសតំបន់មជ្ឈិមបូព៌ា រយៈមួយសប្តាហ៍ បានស្នើដោយត្រង់ទៅកាន់ប្រធានសភាអារ៉ាប៊ីសាអូឌីត គិតគូរជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីតឱ្យមកវិនិយោគបណ្តាក់ទុនលើវិស័យរោងម៉ាស៊ឺនកិនស្រូវដើម្បីនាំចេញទៅក្នុងតំបន់មជ្ឈិមបូពាហ៌ ខណៈកម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់...។

ក្នុងជំនួបផ្ទាល់មុខរវាង សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា និង លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភានៃអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ កាលពីថ្ងៃទី៩ធ្នូ ឆ្នាំ២០២៤ម្សិលមិញ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ និងពិភាក្សាការងារយ៉ាងជិតស្និទ្ធ។ តាមរយៈដំណើរទស្សនកិច្ច ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ទេសចរណ៍ កីឡា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ នាឱកាសនោះ សម្តេចតេជោ មានប្រសាសន៍លើកឡើងថា កម្ពុជា-អារ៉ាប៊ីសាអូឌីត គួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករទៅអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវខ្ពស់។

ថ្នាក់ដឹកនាំកម្ពុជា បានកត់សម្គាល់ឃើញថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជាមានសន្តិសុខស្បៀង ហេតុនេះប្រទេសទាំងពីរ អាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ សម្តេចតេជោ គូសបញ្ជាក់ថា៖«ស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់»។ សម្តេចតេជោ ប្រាប់ទៅកាន់ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីតថា មិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូច្នេះទេ។

ជាការឆ្លើយតប ប្រធានសភាអារ៉ាប៊ីសាអូឌីត យល់ស្របពីភាពសំខាន់នៃការលើកឡើងរបស់ សម្តេចតេជោ ហើយនិងយកទៅពិចារណា។ ក្រៅពីនោះអារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបើកស្ថានទូតទូត នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសប្រទេសទាំងពីរ។ អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។ ក្រៅតែពីការជជែកគ្នារវាងប្រទេស និងប្រទេស ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើស្ថានការណ៍តំបន់ និងអន្តរជាតិ។

គូរជម្រាបថា ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាត់អារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នៅបណ្តាប្រទេសជាមិត្តខាងលើ ថ្នាក់ដឹកនាំកម្ពុជា និងមានជំនួបទ្វេភាគីជាច្រើនជាមួយ មេដឹកនាំ ថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសទាំងនោះផងដែរ៕



