អស់បារម្ភពេលទៅសិង្ហបុរី កម្ពុជាដាក់ឱ្យដំណើរការ[ការទូទាត់ឆ្លងដែន]តាមឃ្យូអរកូដ ដំណាក់កាលទី១
S
Soriya Sou
13 វិច្ឆិកា 2025 07:30 AM

រាជធានីភ្នំពេញ៖ ការ​ទូទាត់ឆ្លង​ដែន​តាម​ឃ្យូអរកូដ (QR Code) ​រវាង​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សិង្ហ​បុរី ​ដំណាក់​កាល​ទី១៖ «កម្ពុជា​ស្កេន ​ឃ្យូអរកូដនៅក្នុង​ប្រទេស​សិង្ហបុរី» ត្រូវបានដាក់ឱ្យដំណើរការហើយ ក្រោមអធិបតីភាព លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុង​ឱកាស​នៃព្រឹត្តិការណ៍​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​សិង្ហបុរី ​ ឆ្នាំ២០២៥ …។

រូបភាព/ ធនាគារជាតិនៃកម្ពុជា
រូបភាព/ ធនាគារជាតិនៃកម្ពុជា

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានឱ្យដឹងថា ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ ដំណាក់កាលទី១ «កម្ពុជា​ស្កេន​ឃ្យូអរកូដនៅក្នុង​ប្រទេស​សិង្ហបុរី» នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវានៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា 
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា 

មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយបណ្ណក៏ដូចជាការប្រើប្រាស់បណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ។ លោកស្រី ជា សិរី បញ្ជាក់បន្ថែមថា ការណ៍នេះ ពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពរវាងប្រទេសកម្ពុជា-សិង្ហបុរី។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនបាគង (ខេអេចឃ្យូអរកូដ) កាលខែកក្កដា​ ឆ្នាំ២០២២។ មកទល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដជាមួយបណ្តាប្រទេសជាច្រើន រួមមាន៖ ប្រទេសចិន ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី នាពេលនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត