
រាជធានីភ្នំពេញ៖ លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី និងភរិយា រួមទាំងគណៈប្រតិភូ បានមកដល់កម្ពុជា នៅម៉ោងជិត៩ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះជាលើកទី១ ដែលលោក ឡរ៉េន វ៉ុង មកបំពេញទស្សនកិច្ចនៅកម្ពុជា។

តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់មក លោក នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាជាបន្តបន្ទាប់ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្រសួងការបរទេសកម្ពុជា អះអាងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្រ្តី ឡរ៉េន វ៉ុង នឹងពិភាក្សាគ្នាស៊ីជម្រៅបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង២។ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-សិង្ហបុរី។

គួររម្លឹកថា លោក ឡរ៉េន វ៉ុង បានចូលកាន់តំណែងនាយករដ្ឋមន្រ្តីសិង្ហបុរី កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ហើយក្រៅធ្វើជានាយករដ្ឋមន្រ្តី លោកក៏ធ្វើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុខ្លួនឯងដែរ។ មិនដល់១ខែ គឺនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ដដែល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី និងបានជួបពិភាក្សាជាមួយលោក ឡរ៉េន វ៉ុង។ ១ឆ្នាំក្រោយមក លោក ឡរ៉េន វ៉ុង ក៏មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕



