ស្អែកនេះ រដ្ឋមន្រ្តីមហាផ្ទៃ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសសិង្ហបុរី
S
Soriya Sou
06 កក្កដា 2025 02:01 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩កក្កដា ឆ្នាំ២០២៥...

<br />

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី។ បន្ទាប់ពីដំណើរទៅដល់ លោក ស សុខា នឹងមានពិភាក្សាការងារទ្វេភាគីជាមួយ លោក K. Shanmugam ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏នឹងមានជំនួបជាមួយថ្នាកដឹកនាំជាន់ខ្ពស់សំខាន់ៗនៃប្រទេសសិង្ហបុរី រួចហើយនឹងអញ្ជើញទស្សនកិច្ចនៅទីតាំងមួយចំនួនពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញផងដែរ។ ដំណើរទស្សនកិច្ច ជំនួបទ្វេភាគី ព្រមទាំងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គឺដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ស សុខា ទៅសិង្ហបុរី បានធ្វើឡើងក្រោយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងភរិយា បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២កក្កដាកន្លងទៅ ស្របពេលខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-សិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីសិង្ហបុរី បានចូលគាល់ព្រះ​ករុណា ព្រះបាទ​ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មក លោកបានមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយបានពិភាក្សាគ្នាស៊ីជម្រៅបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕

លោក ឡរ៉េន វ៉ុង និងភរិយា ព្រមទាំងគណៈប្រតិភូចូលគាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២កក្កដាកន្លងទៅ៕
លោក ឡរ៉េន វ៉ុង និងភរិយា ព្រមទាំងគណៈប្រតិភូចូលគាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២កក្កដាកន្លងទៅ៕
លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងភរិយា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវទី១នៃកម្ពុជា។
លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងភរិយា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវទី១នៃកម្ពុជា។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត