
រាជធានីភ្នំពេញ៖ លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី និងជារដ្ឋមន្ត្រីកាន់ក្រសួងហិរញ្ញវត្ថុដោយខ្លួនឯង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ គម្រោងបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី គឺធ្វើឡើងតបតាមការអញ្ជើញរបស់មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

តាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី។ តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកទី១នេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានព្រះរាជសាវនាការជាមួយព្រះមហាក្សត្រកម្ពុជានៅឯព្រះបរមរាជវាំង។ បន្ទាប់មកលោកនឹងមានជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មុននឹងបន្តមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។ តាមក្រសួងការបរទេសដដែល ក្នុងជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព មេដឹកនាំទាំងពីរនឹងពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង២។

គួរជម្រាបថា នេះជាជំនួបផ្ទាល់មុខទ្វេភាគីលើកទី២ហើយ រវាងមេដឹកនាំកម្ពុជា-សិង្ហបុរី ខណៈជំនួបលើកដំបូងត្រូវបានធ្វើឡើង នៅប្រទេសសិង្ហបុរី ដោយកាលនោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានហោះទៅផ្ទាល់នៅខែមិថុនា ឆ្នាំ២០២៤។ ក្រៅពីជំនួបផ្ទាល់មុខ មេដឹកនាំទាំងពីក៏មានការសន្ទនាតាមទូរស្ទពផងដែរ កាលពីដើមខែឧសភា ឆ្នាំ២០២៥ កន្លងទៅ៕




