មន្រ្តីជាន់ខ្ពស់៖ បរទេសមើល-ស្តាប់ពីចម្ងាយ កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអាក្រក់បំផុត តែពេលមកដល់ទើបដឹងថា មានសុវត្ថិភាពប៉ុនណា
Mao Sopha
13 វិច្ឆិកា 2025 08:30 AM

រាជធានីភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងពីការរងគ្រោះរបស់កម្ពុជា ដោយសារការចុះផ្សាយរបស់សារព័ត៌មានបរទេស ធ្វើឱ្យអន្តរជាតិ មើលឃើញកម្ពុជាតែក្នុងរឿងអវិជ្ជមាន។ លោកស្រី បន្តថា សារព័ត៌មានបរទេសខ្លះ តែងផ្សាយពីអស្ថិរភាព អសន្តិសុខ និងបទល្មើសឧក្រិដ្ឋ ស្ទើរតែកម្ពុជា ជាកន្លែងមិនអាចរស់នៅបាន។ 

លោកស្រី ជូ ប៊ុនអេង
លោកស្រី ជូ ប៊ុនអេង

ទោះយ៉ាងណា លោកស្រី ជូ ប៊ុនអេង ថ្លែងការពារប្រទេសជាតិថា នៅពេលជនបរទេស មកដល់កម្ពុជាជាក់ស្តែង ទើបមើលឃើញការពិតដែលផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មាន។ មិនមែនគ្រាន់តែនិយាយពីយោបល់ខ្លួនឯងផ្ទាល់នោះទេ លោកស្រី ថែមទាំងលើកយកករណីខ្លះមកធ្វើជាឧទាហរណ៍ទៀតផង គឺលោកស្រី ធ្លាប់ជួបជនបរទេស និងគណៈប្រតិភូប្រទេសមួយចំនួន ប្រាប់លោកស្រីអំពីសុវត្ថិភាពនៅកម្ពុជា ពេលពួកគេមកដល់ផ្ទាល់។ 

លោកស្រី រៀបរាប់ពីករណី១ថា មានគណៈប្រតិភូបរទេសមកដល់កម្ពុជាថ្ងៃដំបូង មានការភ័យខ្លាច មិនហ៊ានសូម្បីតែចេញពីសណ្ឋាគារ ព្រោះពួកគេ ទទួលបានព័ត៌មានពីប្រភពផ្សេងៗថា កម្ពុជាជាសម្បុកឧក្រិដ្ឋជន។ តែនៅពេលស្នាក់នៅបាន១ថ្ងៃ១យប់ ក៏សាកចេញដើរខាងក្រៅ ហើយពេលនោះ ទើបពួកគេលាន់មាត់ថា អ្វីដែលពួកគេទទួលបានពីសារព័ត៌មាន ឬពីអ្នកផ្សេង និងអ្វីដែលបានឃើញស្ថានភាពកម្ពុជាផ្ទាល់ គឺ «ខុសគ្នាដូចមេឃនិងដី»។ ជនបរទេសទាំងនោះ បង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីបានជាគេនិយាយពីកម្ពុជាអាក្រក់ខ្លាំងម្ល៉េះ? 

ជនសង្ស័យ (ភាគច្រើនបរទេស) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់កន្លងមក ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ។ 
ជនសង្ស័យ (ភាគច្រើនបរទេស) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់កន្លងមក ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ។ 

ក្នុងពិធីផ្សព្វផ្សាយការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើងនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រី ជូ ប៊ុនអេង ដែលចូលរួមធ្វើជាអធិបតី ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណ២០០នាក់ យ៉ាងដូច្នេះថា៖«កម្ពុជា គេតែងចង្អុលមកពីគ្រង់ទិសថា ជាប្រទេសមានមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ហើយគេបានប្រើពាក្យថា អាក្រក់បំផុត..បានន័យថា កម្ពុជា ហាក់ដូចជាឋាននរកតែម្តង តែបើនិយាយពីសុវត្ថិភាព អ្នកដែលបានមកដល់កម្ពុជា បានដឹងថា កម្ពុជាមានសុវត្ថិភាពប៉ុនណា»។

រូបតំណាងអំពីស្រ្តីម្នាក់ត្រូវគេជួញដូរ ហើយត្រូវប៉ូលិសជួយសង្គ្រោះ។ 
រូបតំណាងអំពីស្រ្តីម្នាក់ត្រូវគេជួញដូរ ហើយត្រូវប៉ូលិសជួយសង្គ្រោះ។ 

តំណាងឱ្យលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលចូលរួមធ្វើជាអធិបតីក្នុងពិធីខាងលើដែរនោះ ប្រៀបប្រដូចអ្នកសារព័ត៌មាន ជាភ្នែកច្រមុះ ទ្វារបង្អួចរបស់សង្គម ដូច្នេះ លោកជំរុញអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយ ធ្វើឱ្យប្រជាជន ពិសេសស្រ្តី បានយល់ដឹងច្បាស់អំពីឧបាយកល អំពើទុច្ចរឹត និងការបោកប្រាស់ ដើម្បីអូសទាញចូលក្នុងអំពើជួញដូរមនុស្ស។ របាយការណ៍ដែលចែកជូនអ្នកចូលរួមពិធីនេះ បង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានជាង១៤០ករណី ចាប់ជនសង្ស័យជាង២០០នាក់ ទៅតុលាការ៕ 

លោក កឹម គុណវឌ្ឍន៍
លោក កឹម គុណវឌ្ឍន៍
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត