
ក្រុងពោធិ៍សាត់៖ បន្ទាប់ពីត្រូវបានទឹកជំនន់វាយប្រហារធ្វើឱ្យហូរបាក់ដី និងផ្លូវ មកដល់ថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៥នេះ កំណាត់ផ្លូវជាតិលេខ៥៥ (ចំណុចអន្ទង់អាំង) ក្នុងខេត្តពោធិ៍សាត់ ត្រូវបានជួសជុល និងស្តារឡើងវិញ បានសរុបប្រមាណ៩០ភាគរយ។ នេះបើតាមការឱ្យដឹងពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានឱ្យដឹងថា សកម្មភាពជួសជុល និងស្តារឡើងវិញ ដែលសម្រេចវឌ្ឍនភាពប្រមាណ៩០ភាគរយ រួមមាន សកម្មភាពជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជើងទេរ, ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីលូ និងប្រឡាយជាដើម។ លោកបន្ថែមថា ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥៥ ក៏មានសភាពធម្មតាដែរ ខណៈដែលទឹកភ្លៀងបានថមថយ បង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋានស្ថាបនា និងជួសជុល។

យ៉ាងណា លោកណែនាំឱ្យបងប្អូនប្រជាពលរដ្ឋគួរធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន ត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ជាពិសេសស្ដាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) ត្រូវបានជំនន់ទឹកភ្លៀងហូរច្រោះ បង្កទៅជាការបាក់ដីធ្លាក់បាំងតួផ្លូវ កាលពីថ្ងៃទី២៩កញ្ញា ឆ្នាំ២០២៥។ កាលនោះ អាជ្ញាធរបានប្រកាសផ្អាកមិនឱ្យមានការចរាចរណ៍នូវយានយន្តគ្រប់ប្រភេទអស់ប្រមាណ៤ម៉ោង៕




