
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ហ្វាទីម-ហ្សារ៉ា អាម៉រ (Fatim-Zahra Ammor) រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក បានឯកភាពគ្នាពន្លឿនការចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាងកម្ពុជា-ម៉ារ៉ុក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍…។

ថ្លែងប្រាប់ លោក ហួត ហាក់ ក្នុងជំនួបពិភាក្សាការងារនាឱកាសចូលរួមនៅឯមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត លោកស្រី ហ្វាទីម-ហ្សារ៉ា អាម៉រ បានឱ្យដឹងថា ប្រជាជនម៉ារ៉ុក កាន់តែច្រើនឡើងមានបំណងទៅទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា។ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងគ្នា ភាគីទាំងពីរ បានឯកភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលខាងមុខ ខណៈអនុស្សរណៈនេះ នឹងបង្កើតឱ្យមានផែនការសកម្មភាពអនុវត្តជាក់ស្តែង, ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរ, ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលម៉ារ៉ុក ក៏ជាសមាជិកអង្គការពិភពលោកនេះផងដែរ។

លោក ហួត ហាក់ បានឱ្យដឹងថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់អាហ្វ្រិកខាងជើង ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម ព្រមទាំងកាលានុវត្តភាពវិនិយោគទេសចរណ៍ ទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិក ដែលមានប្រជាជនជាង៤០លាននាក់ឈរលេខរៀងទី៤១ លើពិភពលោក។ បច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុក មានភាពងាយស្រួលជាមួយជើងហោះត្រង់ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ។ សូមជម្រាបថា កម្ពុជាមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប បេតិកភណ្ឌពេញផ្ទៃប្រទេស ដូចជា៖ ប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល បដិសណ្ឋារកិច្ចដ៏កក់ក្ដៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ «ស្នាមញញឹមកម្ពុជា»។ កម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិ៕





