រោងចក្រមួយ​នៅតាកែវ ដុតកម្ទេចក្រណាត់លាយប្រេងបញ្ចេញផ្សែង និងក្លិនប៉ះពាល់ពលរដ្ឋ
អុន សម្ផស្ស
12 វិច្ឆិកា 2025 02:45 AM

ក្រុងដូនកែវ៖ ក្រសួងបរិស្ថាន ប្រកាសរកឃើញរោងចក្រមួយឈ្មោះ Perfect Vision Fashion កំពុងធ្វើអាជីវកម្មនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ល្មើសច្បាប់បរិស្ថាន និងបង្កផ្សែងពុល។ ក្រសួងទាមទារឱ្យរោងចក្របញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានច្បាប់ទាំងនេះ...។

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១០វិច្ឆិកា បានពិនិត្យឃើញរោងចក្រកាត់ដេរ Perfect Vision Fashion ដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុសក្នុងឡបញ្ចេញផ្សែងខ្មៅ និងក្លិនឈ្ងៀមប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មន្ត្រីជំនាញថា ករណីនេះ គឺល្មើសច្បាប់មាត្រា១៦១ និងមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងពេលជាមួយគ្នា ក្រសួងក៏បានរកឃើញថា រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានក្នុងរយៈពេល៦ខែម្ដង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន។ ចំពោះមុខបញ្ហានេះ ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្របញ្ឈប់ជាបន្ទាន់រាល់ការយកកម្ទេចក្រណាត់ទៅដុតក្នុងឡ និងតម្រូវឱ្យរៀបចំតបំពង់ផ្សែងឡខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំឱ្យផ្សែងហុយធ្លាក់ទៅលើលំនៅឋានពលរដ្ឋ។ មួយវិញទៀតក្រុមហ៊ុន ត្រូវរងការពិន័យអន្តរការណ៍ ហើយរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានដូចការកំណត់របស់ក្រសួង។

សូមជម្រាបថា ក្នុងរយៈពេល១០ខែ ដោយគិតចាប់ពីខែមករារហូតដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរកឃើញការបញ្ចេញសំណល់បំពុលបរិស្ថានពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅកម្ពុជា ប្រមាណជាង១៥លានម៉ែត្រគូប។ យ៉ាងណា ក្រសួងបរិស្ថាន បន្តអំពាវនាវដល់សារធារណជនត្រូវចូលរួមសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តែច្រើនមន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត