
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាឱ្យសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ដែលកំពុងធ្វើអាជីវកម្ម នៅសង្កាត់ផ្សាដើមថ្កូវ បិទភ្ជិតកន្លែងលេចធ្លាយបង្កការបំភាយក្លិនប៉ះពាល់បរិស្ថានជាបន្ទាន់ឱ្យរួចរាល់ក្នុងសប្តាហ៍នេះ។ ក្រសួងព្រមានថា ករណីមិនធ្វើតាមការណែនាំសិប្បកម្មនេះនឹងត្រូវបិទទ្វារ..។

ក្រសួងបរិស្ថាន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានប្រកាសជាសាធារណៈថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២០តុលា បានចុះត្រួតពិនិត្យ និងរកឃើញករណីមានក្លិនផ្សែងឈ្ងៀមចេញពីសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី ដែលបង្កឱ្យមានក្លិនប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។ ចំពោះមុខបញ្ហានេះ ក្រសួងគូសបញ្ជាក់ថា៖«សិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ស្ថិតនៅភូមិ៣ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបិទភ្ជិតកន្លែងដែលលេចធ្លាយផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់ មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត»។

ក្រៅពីនេះ ក្រសួងតម្រូវឱ្យសិប្បកម្មត្រូវទទួលរងពិន័យអន្ដរការណ៍ លើការបញ្ចេញសារធាតុបំពុលខ្យល់ ពីម៉ាស៊ីនភ្លើង ដែលក្រសួងអះអាងថា សិប្បកម្មពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្ម ហើយថែមទាំងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថាន ដែលចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នា សិប្បកម្មនេះ ក៏ត្រូវកែល្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន (Afterburner) ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសផងដែរ។ ក្រសួងសង្កត់ធ្ងន់ថា៖«ក្នុងករណីសិប្បកម្ម[លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី] មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ»។

គួរជម្រាបថា ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ កាលពីកន្លងទៅក្រសួងបានរកឃើញរោងចក្រមួយចំនួនបញ្ចេញផ្សែងពុលប៉ះពាល់បរិយាកាសជាបន្តបន្ទាប់។ ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងពិធីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្មន័ស្មើសូន្យ ឆ្នាំ២០៥០ កាលពីថ្ងៃទី១៦តុលា ធ្លាប់បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមក និងរួមគ្នា «យកជំហានឆ្លាតវៃ រួបរួមគ្នា» (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រី ថែមទាំងប្រកាសថា ចាប់ពីឆ្នាំ២០២៦តទៅ គ្រប់រោងចក្រសហគ្រាសនៅទូទាំងប្រទេស ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់ បើមិនដូច្នេះទេ គឺប្រឈមមុខនឹងច្បាប់៕





