ក្រសួងរកឃើញរោងចក្រកាត់ដេរមួយកន្លែង ក្នុងសង្កាត់ចោមចៅ១ ដុតក្រណាត់បំពុលបរិស្ថាន
S
Soriya Sou
05 តុលា 2025 02:00 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រសួងបរិស្ថានរកឃើញបានប្រព្រឹត្តល្មើសច្បាប់ ដោយបានដុតកម្ទេចក្រណាត់ ក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន បំពុលខ្យល់ល្មើសនឹងច្បាប់ ថែមទាំងមិនអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ 

រូបភាព/ ក្រសួងបរិស្ថាន
រូបភាព/ ក្រសួងបរិស្ថាន

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងរកឃើញក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយពីច្បាប់។ បើតាមក្រសួងបរិស្ថាន ក្រោយចុះពិនិត្យនៅក្នុងរោងចក្រ ក្រុមការងារជំនាញបានរកឃើញសារធាតុ និង ករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួនដូចជា៖ មានសំណល់កម្ទេចក្រណាត់លាយផេះនៅមាត់ឡចំហាយ, មានកន្លែងស្តុកកម្ទេចក្រណាត់ជាប់បន្ទប់ដាក់ឡចំហាយ។ មន្រ្តីជំនាញ ក៏បានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយផងដែរ។ ក្រោយរកឃើញកំហុស ក្រសួងបរិស្ថានសម្រេចចាត់វិធានការ ដោយហាមដាច់ខាតដល់ក្រុមហ៊ុនយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ។

ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន ខណៈឡចំហាយ ត្រូវដំណើរការប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ យ៉ាងណាក៏ដោយ ក្រសួងបរិស្ថាន បានអរគុណដល់ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណីបំពុលបរិស្ថានខាងលើ ព្រោះវាជាការពង្រឹងការអនុវត្តសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត តាមរយៈភាពស្អាតលើដី និងភាពស្អាតក្នុងទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត