
រាជធានីភ្នំពេញ៖ បណ្តាសមាជិកអង្គទូតបរទេសចំនួន៤៣ ព្រមទាំងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដែលប្រចាំនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៥កញ្ញានេះ បានចូលស្ដាប់រឿងរ៉ាវដែលវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសទង្វើថៃធ្វើមកលើពលរដ្ឋស្លូតត្រង់កម្ពុជា នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...។

លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាអ្នកដឹកនាំធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះជម្រាបទៅកាន់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងនោះ នៅទីស្តីការក្រសួងការបរទេស។ លើកឡើងក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីស្តីទី បានគូសបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅពីថ្ងៃទី៧សីហា និងថ្ងៃទី១០កញ្ញា ក៏ដូចជាកិច្ចប្រជុំគណកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហាឆ្នាំ២០២៥។

លោកស្រីអះអាងចំពោះមុខអង្គទូត និងតំណាងអង្គការសហប្រជាជាតិ ទាំងនោះជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាព ចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងនោះទេ។

គួរជម្រាបថា នេះជាលើទី១ហើយដែលកម្ពុជា អញ្ជើញអង្គទូត និងតំណាងអង្គការសហប្រជាជាតិ មកស្ដាប់ការពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ ក្រោយកងទ័ពថៃ ចូលមកឈ្លានពាន និងរាយបន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ កាលពីថ្ងៃទី១៧កញ្ញា ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងក្បាលជ័រ អាវុធសូរសព្ទ មកលើប្រជាជនកម្ពុជា។ ហេតុការណ៍នោះ បណ្ដាលឱ្យកងទ័ព ព្រះសង្ឃ និងប្រជាជនខ្មែរ២៩អង្គ-នាក់រងរបួស ក្នុងអំឡុងពេលចេញតវ៉ារារាំងមិនឱ្យកងកម្លាំងថៃ ចូលមករាយបន្លាលួសព័ន្ធយកផ្ទះនឹងដី ដែលពួកគាត់រស់នៅតាំងពីយូរណាស់មកហើយ៕





