«ឧក្រិដ្ឋជនយកព្រំដែនជាឈ្នាន់នៃការប្រើបច្ចេកវិទ្យាឆបោក» កម្ពុជាត្រូវការកិច្ចសហការប្រយុទ្ធប្រឆាំង ជាជាងការស្តីបន្ទោស
អុន សម្ផស្ស
24 តុលា 2025 05:00 AM

រាជធានីភ្នំពេញ៖ កម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ហើយទទួលស្គាល់ថា បញ្ហានេះមានភាពស្មុគស្មាញ និងកំពុងរីករាលដាលកាន់តែខ្លាំងឡើងឆ្លងកាត់ព្រំដែនដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ ក្រុមឧក្រិដ្ឋជន បានយកបច្ចេកវិទ្យាទំនើប និងព្រំដែនជាឈ្នាន់ ដែលកម្ពុជាត្រូវការចាំបាច់នៅកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាជាងដាក់បន្ទុកបណ្តាក់..។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃទី២៣តុលា ឆ្នាំ២០២៥ លើកឡើងថា បណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន បានធ្វើប្រតិបត្តិការឆ្លងដែនសមត្ថកិច្ចផ្សេងគ្នាជាច្រើន ដោយប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយបណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ធ្វើឱ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការបង្ខិតបង្ខំ។ ចំពោះមុខបញ្ហានេះ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពក្នុងតំបន់ ក្រោមក្របខ័ណ្ឌអាស៊ាន។

ក្នុងន័យនេះ កម្ពុជានឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងារតាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មកាន់តែរឹងមាំ និងជំរុញយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យកាន់តែប្រសើរ។ ក្រសួងការបរទេសកម្ពុជា គូសរំលេចថា សាររបស់កម្ពុជា គឺច្បាស់លាស់៖ «ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និងការសម្របសម្រួល»។ តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនជាការស្តីបន្ទោស កម្ពុជានឹងបន្តស្វែងរកឧក្រិដ្ឋជន ការពារ និងសង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបរទេស បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា អនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លា ចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងយន្តការសម្របសម្រួលអន្តរក្រសួងថ្មី ពង្រឹងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល ផ្អាកដំណើរការគេហទំព័រ និងអាជ្ញាបណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់។ ក្នុងនោះ សមត្ថកិច្ចជំនាញ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដកហូតអាជ្ញាបណ្ណអាជីវកម្មចំនួន១២០ ផ្អាកគេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ និងការបង្កកគណនីធនាគារខុសច្បាប់ ដែលភ្ជាប់ទៅនឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា ធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេស ហើយឈានទៅបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ចាប់ខ្លួនជនសង្ស័យរាប់រយនាក់ និងជួយសង្គ្រោះ ការពារជនរងគ្រោះកម្ពុជា និងបរទេសពីការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យា។

ដោយឡែក ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំង សាធារណរដ្ឋកូរ៉េ ចិន និងរដ្ឋសមាជិកអាស៊ាន តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្ដល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក។ ភាពជាដៃគូទាំងអស់នេះ នាំឱ្យសម្រេចនូវលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការទប់ស្កាត់ចំពោះក្រុមប្រតិបត្តិការឆបោកធំៗ ការកាត់ទោសក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំង រួមទាំងការបញ្ជូនជនរងគ្រោះបរទេសត្រឡប់ទៅប្រទេសកំណើតវិញ។ ក្នុងន័យនេះ កម្ពុជាទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ធានាឱ្យបាននូវការរាយការណ៍ទាំងហ្លាយប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងផ្អែកលើភស្តុតាង ក្នុងស្មារតីលើកស្ទួយកិច្ចសហប្រតិបត្តិការ ជាជាងការបំបែកបំបាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត