រយៈពេល១០ថ្ងៃ រោងម៉ាស៊ីនដៃគូរដ្ឋប្រមូលទិញស្រូវពីកសិករទូទាំងប្រទេស បានជាង១៥ម៉ឺនតោន
S
Soriya Sou
16 វិច្ឆិកា 2025 08:00 AM

រាជធានីភ្នំពេញ៖ ក្រោមកម្មវិធីកញ្ចប់ថវិកាហិរញ្ញប្បទានពិសេស រយៈពេល១០ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី៦-១៥វិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករនៅទូទាំងប្រទេស បានជាង១៥ម៉ឺនតោន។ នេះបើតាមរយបាយការណ៍របស់ក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះ...។

រូបតំណាង
រូបតំណាង

ក្រសួងកសិកម្ម​ បានប្រកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ក្នុងការសម្របសម្រួលប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដោយមិនទុកឱ្យកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយប្រជាកសិករគ្រប់កាលៈទេសៈ។ កាលពីថ្ងៃទី៨វិច្ឆិកា រាជរដ្ឋាភិបាល បានទម្លាក់ថវិកាចំនួន៤០លានដុល្លារអាម៉េរិក បន្ថែមដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូក្រសួងកសិកម្ម និងធនាគារ ARDB ដើរប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃសមរម្យ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម

ការទម្លាក់ថវិកាបន្ថែមពីរាជរដ្ឋាភិបាល ធ្វើឡើងដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងពេលប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ និងបន្ទាប់ពីប្រជាកសិករជាច្រើន បាននាំគ្នាស្រែកសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្រោយពួកគាត់ជួបប្រទះផលលំបាកខ្លាំងដោយច្រូតកាត់ប្រមូផលរួច តម្លៃស្រូវក៏ធ្លាក់ចុះថ្លៃយ៉ាងគំហុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត