ថៃធានាយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់កីឡាករកម្ពុជា អំឡុងការប្រកួតស៊ីហ្គេមទី៣៣
N
Nary Vann
09 វិច្ឆិកា 2025 09:30 AM

រាជធានីបាងកក៖ ម្ចាស់ផ្ទះកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ពោលគឺប្រទេសថៃ ​បានសន្យា​ធានា​សុវត្ថិភាព​កីឡាករ​កម្ពុជា​ដែលត្រៀមចូលរួមប្រកួត ដល់កម្រិតខ្ពស់បំផុត​ បន្ទាប់ពីកម្ពុជាសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិក និងមន្ត្រីរបស់ខ្លួន ចំពេលមានភាពតានតឹងនៅតាមព្រំដែន...។

យោងតាមលោក ជ័យភាគ សិរិវឌ្ឍន៍ ชัยภาคย์ สิริวัฒน์ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជានាយកប្រតិបត្តិនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ មន្ត្រីកម្ពុជាបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយ ក្នុងរាជធានីបាងកក ខេត្តជលបុរី និងស៊ុងក្លា។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កីឡាករ ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡា។ ពួកគេនឹងបញ្ជូនអត្តពលិកប្រហែល៣០០នាក់ ហើយបានស្នើសុំឱ្យពួកគេស្នាក់នៅជាមួយគ្នានៅក្នុងសណ្ឋាគារតែមួយ ជាជាងដាច់ដោយឡែកពីគ្នាតាមប្រភេទកីឡា»

លោក ជ័យភាគ សិរិវឌ្ឍន៍ ชัยภาคย์ สิริวัฒน์
លោក ជ័យភាគ សិរិវឌ្ឍន៍ ชัยภาคย์ สิริวัฒน์

លោក ជ័យភាគ សិរិវឌ្ឍន៍ អះអាងថា សំណើនេះត្រូវបានអនុញ្ញាត ដោយបន្ថែមថា លោកនឹងចាត់តាំងមន្ត្រីឱ្យតាមធានាសុវត្ថិភាពរបស់ពួកគេផងដែរ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំក៏នឹងចាត់តាំងមន្ត្រីឱ្យការពារសុវត្ថិភាពជាអតិបរមា អំឡុងពេលដែលពួកគេស្នាក់នៅក្នុងប្រទេសថៃ។ ភាគីកម្ពុជាយល់ឃើញថា ការធានារបស់យើង ស្របតាមការចង់បានរបស់ពួកគេ»។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ជាព្រឹត្តិការណ៍ពហុកីឡាប្រចាំតំបន់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត