
រាជធានីភ្នំពេញ៖ ការបរាជ័យលើកដំបូងក្នុងកម្មវិធី World Kun Khmer 8 Men Tourment ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន សហការជាមួយដៃគូឧបត្ថម្ភក្នុងស្រុក គឺជារឿងឈឺចាប់មួយសម្រាប់អ្នកគាំទ្រកីឡាករប្រដាល់ ធឿន ធារ៉ា ដែលធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែយ៉ាងណា មហាជនមួយចំនួនធំ បែរជាយល់ឃើញថា នេះគឺជាជោគជ័យរបស់គុនខ្មែរដែលធ្វើឱ្យកីឡាករបរទេសមានទំនុកចិត្តលើភាពយុត្តិធម៌នៃការផ្ដល់ពិន្ទុ ថាមានភាពសុក្រឹត ហើយនឹងធ្វើឱ្យកីឡាកររុស្ស៊ី ក៏ដូចជាកីឡាករបរទេសផ្សេងទៀតជាប់ចិត្តកាន់តែខ្លាំងលើប្រដាល់គុនខ្មែរ...។

មែនទែនទៅសហព័ន្ធប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ី បានធ្វើសកម្មភាពយ៉ាងផុលផុសរួចទៅហើយ ក្នុងការប្រម៉ូដប្រដាល់គុនខ្មែរទៅកាន់ជនជាតិរុស្ស៊ីខ្លួនឯងផង និងបណ្តាប្រទេសក្បែរខាងក្នុងតំបន់អាស៊ីកណ្តាលរួមមាន៖ តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន កាហ្សាក់ស្ថាន ទួរមេនីស្ថាន កៀហ្ស៊ីស៊ីស្ថាន ។ល។ ដោយបង្កើតឱ្យមានការប្រកួតដណ្តើមពានរង្វាន់ មេដាយ និងខ្សែក្រវាត់ ទាំងលក្ខណៈពាក់កណ្តាលអាជីព អាជីព និងស្ម័គ្រចិត្តផងដែរ។ ក្លិបប្រដាល់ One X One ក្រោមការដឹកនាំរបស់លោក អូឡេក គូឌ្រីនស្គី (Oleg Kudrinskiy) និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីផងនោះ ត្រូវបានគេមើលឃើញថា មានភាពសកម្មខ្លាំងជាងគេ ក្នុងចំណោមសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិនៅក្រៅប្រទេស ដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរធំៗ ឱ្យអត្តពលិកចម្រុះជាតិសាសន៍ធ្វើការប្រកួតប្រជែង ក៏ដូចជាបណ្ដុះថ្នាលកីឡាករគុនខ្មែរល្អៗជាច្រើននាក់ ឱ្យមកប្រកបអាជីពប្រដាល់នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ងាកមកមើលព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំប្រចាំឆ្នាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះវិញ គឺថា កីឡាកររុស្ស៊ី វ៉ាស៊ីលី ថៃកីឡា (Vassili Thaikilla) បានធ្វើឱ្យមហាជនកម្ពុជាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេផ្តួលកីឡាករ ប៉ាវែល (Pavel Grishanovich) ដែលបានទម្លាក់តារាឯកគុនខ្មែរក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ធឿន ធារ៉ា កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការប្រើស្នៀតកែងគុនខ្មែរដ៏មុតស្រួច ធ្វើឱ្យប៉ាវែលដែលមហាជនកម្ពុជាសង្ឃឹមថា អាចនឹងគ្រងខ្សែក្រវាត់ World Kun Khmer 8 Men Tourment ជាលើកដំបូងរបស់ខ្លួននោះ ត្រូវមកចាញ់ពិន្ទុកីឡាកររុស្ស៊ី វ៉ាស៊ីលី ដាច់ភឹងតែម្ដង។ នេះជាជោគជ័យរបស់ វ៉ាស៊ីលី ដែលគ្រប់គ្នាមិននឹកស្មានដល់ ហើយក៏ជាការបរាជ័យលើកដំបូងរបស់តារាឯកគុនខ្មែរ ធឿន ធារ៉ា ផងដែរ ក្នុងកម្មវិធី World Kun Khmer 8 Men Tourment បន្ទាប់ពីរូបគេឆ្លងកាត់ជ័យជម្នះពីរលើកជាប់ៗគ្នាកន្លងមកនោះ។

ទោះយ៉ាងណាក៏ដោយ មហាជននិយមវិស័យប្រដាល់គុនខ្មែរ បានសម្ដែងការសាទរចំពោះភាពវិជ្ជមាននៃការពង្រីកកេរ្តិ៍ឈ្មោះគុនខ្មែរទៅកាន់ឆាក់អន្តរជាតិ ជាពិសេស ការធ្វើឱ្យកីឡាករបរទេសជាប់ចិត្តលើការហ្វឹកហាត់ក្បាច់គុនខ្មែរ ហើយអាចមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ។ ជ័យជម្នះរបស់កីឡាកររុស្ស៊ី វ៉ាស៊ីលី បានបង្ហាញយ៉ាងច្បាស់អំពីស្នៀតយុទ្ធគុនខ្មែរ ដែលមានដូចជា កែង ជង្គង់ និងក្បាច់ពិសេសៗមួយចំនួនទៀត ដែលពួកគេបានស្វែងយល់ និងដឹងពីអាវុធខ្លាំងរបស់កីឡាករកម្ពុជា ដែលពីមុនធ្លាប់តែខ្លាចរអា។ នៅមួយរយៈនេះ កីឡាករបរទេសដែលមកវាយនៅស្រុកខ្មែរ ភាគច្រើនសុទ្ធតែចេះក្បាច់សម្លាប់ពិសេសៗរបស់យើងទាំងអស់ ដោយបានវាយសន្ធាប់មកលើម្ចាស់ក្បាច់គុនដើមវិញ ធ្វើឱ្យយើងអាចសន្និដ្ឋានបានថា ពួកគេបាននិងកំពុងសម្ងំសិក្សាហ្វឹកហាត់ក្បាច់គុនយើង មកប្រកួតជាមួយយើងវិញ រហូតមានកីឡាករបរទេសខ្លះ ផ្តួលម្ចាស់ក្បាច់គុនដើមឱ្យបាត់ឈឹងនៅលើសង្វៀនក៏មាន។

ដូច្នេះ ការនាំយកខ្សែក្រវាត់គុនខ្មែរត្រឡប់ទៅផ្ទះវិញរបស់កីឡាករបរទេសមួយចំនួននៅពេលនេះ គឺជារឿងមួយល្អនៃការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ដ្បិតថាពួកគេនឹងមានមោទកភាពខ្លាំង ព្រោះទម្រាំតែអាចយកឈ្នះខ្សែក្រវាត់ពីម្ចាស់ក្បាច់គុនដើមបាន គឺវាមិនមែនជារឿងងាយស្រួលទេ ដូចនេះ យើងគួរតែត្រេកអរ និងសាទរចំពោះកីឡាករបរទេសហ្វឹកហាត់ក្បាច់គុនយើង ហើយអាចប្រកួតដណ្តើមបានខ្សែក្រវាត់យកទៅផ្ទះពួកគេ ដើម្បីឱ្យកេរ្តិ៍ឈ្មោះក្បាច់គុនយើងកាន់តែរីកសាយភាយខ្លាំងឡើងបន្ថែមទៀត...៕








